គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ភ្នំពេញ-ព្រះសីហនុ សម្រេចបាន៦៦,០៦ភាគរយហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ។
គម្រោងស្តារនេះ ស្ថិតនៅក្នុងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក(WB)ចំនួន ១១០លានដុល្លារ ដែលមានគោលបំណងសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។
គម្រោងស្តារ ផ្លូវជាតិលេខ៤ មានប្រវែង១៩៦,១០ គីឡូម៉ែត្រ បែងចែកជា៧កំណាត់ ឆ្លងកាត់រាជធានីភ្នំពេញខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង។
មិនតែប៉ុណ្ណោះ នៅក្នុងគម្រោងនេះ ក៏នឹងត្រូវជួសជុលស្ពានចាស់ចំនួន២៤ និងសាងសង់ស្ពានថ្មីចំនួន៨ ដែលមាន ក្នុងខេត្តកំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុផងដែរ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាន គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ភ្នំពេញ-ព្រះសីហនុនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ដោយគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦៕










