នៅចន្លោះខែកក្កដា ដល់ចុងខែសីហា ជារៀងរាល់ឆ្នាំ បណ្តាភូមិមួយចំនួនក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម តែងតែមមាញឹកក្នុងការប្រមូលផលផ្លែសណ្តាន់របស់ខ្លួនយកទៅលក់ឱ្យនៅលើទីផ្សារ។
កសិករមួយចំនួន ស្រុកកោះសូទិន តែងតែបេះផ្លែនេះយកមកលាងទឹក រួចចិតជាជម្រាក និងហាលថ្ងៃក្នុងរយៈពេលខ្ទង់៣ថ្ងៃ ដើម្បីយកទៅលក់នៅទីផ្សារ ឬក៏មានឈ្មួញកណ្តាលមកទិញដល់ភូមិតែម្តង។
សណ្តាន់ក្រៀម ជាធម្មតាក្នុង១គីឡូក្រាមលក់បាន១ម៉ឺន១ពាន់រៀលសម្រាប់ទីផ្សារបច្ចុបប្បន្ន ហើយសណ្តាន់អាចលក់បានរហូរដល់១ម៉ឺន៩ពាន់រៀលក្នុង១គីឡូក្រាមដោយអាស្រ័យទៅលើពេលវេលាសម្បូរ ឬក៏កម្រ។
ដោយឡែកចំពោះកូនសណ្តាន់វិញ ក៏អាចយកទៅលក់បានដែរ ដោយកម្ពស់ត្រឹមកន្លះម៉ែត្រ អាចលក់បាន១៥០០០រៀល ទៅ២០០០០រៀល អាស្រ័យតាមទីផ្សារ។
សណ្តាន់ ត្រូវបានគេយកផ្លែរបស់វាផ្សំធ្វើជាគ្រឿងម្ជូរ ឬអ្នកខ្លះយកទៅស្ងោរជាមួយផ្លែស្លា។ លើសពីនេះទៅទៀតអ្នកខ្លះយកវាទៅលាយជាមួយគ្រឿងអលង្ការ ផ្សំជាមួយការធ្វើមាស ដើម្បីឱ្យចេញពណ៌ក្រហមស្រស់ស្អាត៕










