ប្រទេសឡាវ ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ចំនួនយានយន្តបានចុះបញ្ជីនៅទីក្រុងវៀងចន្ទន៍ គឺលើសចំនួនពលរដ្ឋក្នុងទីក្រុងទៅទៀត ។ ហេតុនេះ វាបណ្តាលឱ្យកកស្ទះចរាចរណ៍នៅតាមដងផ្លូវ, គ្រោះថ្នា.ក់ ចរាចរណ៍, ការបំពុលបរិយាកាសកើនឡើង និងប៉ះពាល់សុខភាពពលរដ្ឋក្នុងទីក្រុងយ៉ាងខ្លាំង ។
Amphaivanh Keopradith ជាអគ្គនាយករងក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ឡាវបញ្ជាក់ថា ចំនួនយានយន្តសរុបនៅប្រទេសឡាវ គឺស្មើជាង២លានគ្រឿង (២.៧០៥.៥៣៨គ្រឿង) នៅឆ្នាំ២០២៣ ក្នុងនោះយានយន្ត៤៣% បានចុះបញ្ជីនៅទីក្រុងវៀងចន្ទន៍ ។ ពេលចាត់ចំណាត់ថ្នាក់ប្រភេទយានយន្តទាំងនេះឃើញថា ៦៧% ជាម៉ូតូ និង១៤% ជារថយន្តមួយបាំងកន្លះ ក្រៅពីនេះ ជាយានយន្តប្រភេទផ្សេង ។
បរិមាណយានយន្តកើនឡើងកាន់តែច្រើនបានធ្វើឱ្យតាមផ្លូវនានាស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស ក្នុងអំឡុងពេលពលរដ្ឋឡាវប្រញាប់ចេញទៅធ្វើការងាររកស៊ី ខណៈការបំពុលបរិយាកាសបានប៉ះពាល់សុខភាពពលរដ្ឋខ្លាំង ។ ក្រៅពីនេះ យានយន្តកើនឡើងបណ្តាលឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ទៀតផង ហើយបើតាមរបាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅឡាវ ស្មើរហូតដល់៦.៨០៦ករណី កាលពីឆ្នាំ២០២៣ ។
ហេតុនេះ ដើម្បីទប់ស្កាត់បញ្ហាទាំងអស់ រដ្ឋាភិបាលឡាវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំណើរការរថយន្តក្រុងពិសេសសម្រាប់អ្នកដឹកដំណើរ ដែលជាផ្នែកមួយរបស់គម្រោងដឹកជញ្ជូនប្រកបដោយនិរន្តរភាព ។ គម្រោងនេះនឹងជួយឱ្យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទីក្រុងវៀងចន្ទន៍ ស្របតាមស្តង់ដារអន្តរជាតិ និងចំណាយប្រាក់ចំនួន៩៩លានដុល្លារអាមេរិក ដែលទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគអឺរ៉ុប (EIB), អង្គការប្រទេសនាំចេញប្រេង (OPEC) និងថវិការដ្ឋាភិបាល ។
គម្រោងដឹកជញ្ជូនអ្នកដំណើរតាមរថយន្តពិសេសនេះ រួមទាំងការចាប់ផ្តើមប្រើប្រាស់រថយន្តក្រុងអគ្គិសនី ដែលពលរដ្ឋឡាវនឹងងាយស្រួលធ្វើដំណើរ, ស្អាត និងមានសុវត្ថិភាព ។ ក្រៅពីនេះ រដ្ឋាភិបាលឡាវក៏មានគម្រោងកែលម្អផ្លូវតូចៗសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង, កែលម្អផ្លូវជិះកង់ និងចំណតរថយន្តតាមដងផ្លូវ ។ គម្រោងទាំងអស់មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍, កាត់បន្ថយការបំពុលបរិយាកាស និងបង្កើនប្រសិទ្ធភាពការដឹកជញ្ជូនក្នុងទីក្រុងវៀងចន្ទន៍ ៕










