ប្រទេសឥណ្ឌា ៖ ស្របពេលតម្លៃខ្ទឹមស បានកើនឡើងយ៉ាងខ្លាំងនៅប្រទេសឥណ្ឌានាពេលបច្ចុប្បន្ន ក្រុមអាជីវករនៅតាមផ្សារនានាបានយកខ្ទឹមសក្លែងក្លាយ ដែលផលិតពីស៊ីម៉ងត៍មកដាក់លក់ឱ្យអតិថិជន ។ វាធ្វើឱ្យសមត្ថកិច្ចឥណ្ឌាឈឺក្បាលយ៉ាងខ្លាំង ដោយសារត្រូវដើរត្រួតពិនិត្យនៅតាមផ្សារ និងចាប់យកខ្ទឹមសក្លែងក្លាយ ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌាបានចែកចាយវីដេអូមួយ គឺអ្នកស្រី ផាទីល ជាភរិយារបស់អតីតមន្ត្រីសមត្ថកិច្ច បានទៅទិញខ្ទឹមសនៅតូបតាមផ្លូវមួយកន្លែង ប៉ុន្តែពេលអ្នកស្រីត្រឡប់មកផ្ទះវិញ ហើយរៀបចំបកសំបកខ្ទឹមស ឃើញថា សំបករបស់វារឹងខ្លាំងរហូតដល់បកពុំចេញ ។ រីឯក្បាលខ្ទឹមសវិញ ធ្ងន់យ៉ាងខ្លាំង ហើយអ្នកស្រីក៏ពិនិត្យមើលឱ្យបានច្បាស់ ទើបដឹងថា វាជាខ្ទឹមសក្លែងក្លាយធ្វើពីស៊ីម៉ងត៍ ។

អ្នកស្រី ផាទីល រៀបរាប់ថា អ្នកស្រីបានពិនិត្យមើលថង់ខ្ទឹមស ដែលទិញមកឃើញថា មានខ្ទឹមសផលិតពីស៊ីម៉ងត៍លាយឡំជាមួយខ្ទឹមសពិតប្រាកដ រហូតដល់អ្នកស្រីពុំដឹងថា តើមួយណាក្លែងក្លាយ មួយណាពិត ប្រសិនបើមិនបកសំបកទេនោះ ពីព្រោះនៅពេលទិញ អ្នកស្រីពុំបានចាប់វាមើលទេ ។
គេហទំព័រ NDTV របស់ឥណ្ឌារាយការណ៍ថា ហេតុការណ៍លក់ខ្ទឹមសក្លែងក្លាយនេះបានកើតឡើងនៅទីក្រុង Akola រដ្ឋ Maharashtra ក្រោយពីតម្លៃខ្ទឹមសបានកើនឡើងខ្ពស់ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ។ តម្លៃខ្ទឹមស បានកើនឡើងចាប់ពី៨០រូពី (ឬស្មើជាង៣ពាន់រៀល) ក្នុង១គីឡូក្រាម មកស្មើនឹង២៤០រូពី (ឬជិត១ម៉ឺនរៀល) ក្នុង១គីឡូក្រាម ។
កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ តុលាការកំពូលឥណ្ឌាបានប្រកាសថា ខ្ទឹមស គឺជាបន្លែ និងអនុញ្ញាតឱ្យអាជីវករអាចលក់ខ្ទឹមសក្នុងផ្សារបន្លែ និងគ្រឿងទេស ក្រោយពីមានការជជែកគ្នាអស់ជាច្រើនឆ្នាំថា តើខ្ទឹមស គឺជាបន្លែ ឬគ្រឿងទេស? ការប្រកាសរបស់តុលាការកំពូលនឹងក្លាយជាប្រយោជន៍សម្រាប់កសិករ និងអាជីវករលក់ដូរ ។ តម្រូវការបរិភោគខ្ទឹមសយ៉ាងច្រើននៅឥណ្ឌា បានធ្វើឱ្យតម្លៃកើនឡើងជាបន្តបន្ទាប់អាស្រ័យលើទិន្នផលផលិតតាមរដូវកាល ។
ទីប្រឹក្សាវេជ្ជសាស្ត្រជាន់ខ្ពស់ម្នាក់បានណែនាំឱ្យពលរដ្ឋចេះពិនិត្យមើលខ្ទឹមសពិតប្រាកដ គឺចំណិតរបស់វាពុំស្មើគ្នា និងមានសំបកស្តើងស្រដៀងសន្លឹកក្រដាសងាយស្រួលបក ។ ប៉ុន្តែចំណិតខ្ទឹមសក្លែងក្លាយមានប្រវែងស្មើគ្នាទាំងអស់ និងមានសំបកក្រាស់ពិបាកបក ។ ម្យ៉ាងទៀត ខ្ទឹមសពិត គឺមានសាច់ហាប់ណែន ហើយពេលយកវាទៅត្រាំទឹក វានឹងលិចក្នុងទឹក ខណៈខ្ទឹមសក្លែងក្លាយនឹងអណ្តែតទឹក ដោយសារមានសារធាតុគីមី ៕










