ប្រទេសន័រវេស ៖ ពេលពលរដ្ឋនៅបណ្តាប្រទេសអាស៊ានចង់ឱ្យព្រះអាទិត្យបន្ថយពន្លឺបន្តិច ឬកុំឱ្យថ្ងៃក្តៅខ្លាំងពេក ប៉ុន្តែពលរដ្ឋនៅប្រទេសមួយចំនួនដែលមានអាកាសធាតុត្រជាក់ខ្លាំង ពួកគេបែរជាត្រូវការកំដៅថ្ងៃយ៉ាងខ្លាំង ។ បើយើងរស់នៅទីក្រុងដែលគ្មានពន្លឺថ្ងៃសោះ តើវានឹងល្អសម្រាប់ការរស់នៅដែរឬទេ?
ពលរដ្ឋរស់នៅទីក្រុង Rjukan ដែលជាទីក្រុងងងឹតបំផុតរបស់ប្រទេសន័រវេស បានសម្រេចចិត្តទិញកញ្ចក់មានតម្លៃជាង៥២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីជួយបំភ្លឺទីក្រុង ។ កញ្ចក់នេះមានតួនាទីបញ្ជូនពន្លឺថ្ងៃមកកាន់ទីក្រុងទាំងមូល សម្រាប់ឱ្យពលរដ្ឋក្នុងទីក្រុងងាយស្រួលរស់នៅ ។ រីឯការធ្វើដំណើរទៅទីក្រុង Rjukan ដែលស្ថិតនៅភាគពាយ័ព្យទីក្រុងធំ Oslo របស់ន័រវែស គឺត្រូវចំណាយពេលប្រមាណ ៣ម៉ោង ។
គេស្គាល់ថា Rjukan ជាទីក្រុងងងឹតបំផុតលើពិភពលោក និងមានពលរដ្ឋរស់នៅប្រមាណ ៣.៣០០នាក់ ។ ការដាក់ឈ្មោះទីក្រុងនេះ គឺដាក់តាមឈ្មោះរបស់ទឹកជ្រោះ «Rjukan Falls» ដែលមានកម្ពស់១០០៤ម៉ែត្រ ហើយទឹកជ្រោះនេះជាកន្លែងផលិតថាមពលអគ្គិសនីដ៏ធំបំផុតក្នុងទីក្រុងផងដែរ ។
ចំណែកមូលហេតុធ្វើឱ្យទីក្រុងនេះងងឹតខ្លាំង គឺចាប់ពីខែកញ្ញា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ពន្លឺព្រះអាទិត្យនៅលើមេឃពុំអាចបំភ្លឺមកកាន់ទីក្រុងដោយផ្ទាល់បានទេ ដោយសារមានភ្នំព័ទ្ធជុំវិញទាំងអស់ ។ ទីក្រុង Rjukan និងទីក្រុងភាគច្រើនរបស់ន័រវេស គឺមានពេលថ្ងៃស្មើរហូតដល់២៤ម៉ោង លើកលែងតែចាប់ពីខែធ្នូ ដល់ខែមករា ដោយសារបាតុភូត «Midnight Sun» ។
ប៉ុន្តែទីក្រុង Rjukan មានភាពខុសប្លែកពីទីក្រុងផ្សេងទៀតនៅន័រវេស គឺទីក្រុងនេះស្ថិតនៅចន្លោះភ្នំ ហើយភ្នំបានបាំងពន្លឺថ្ងៃជិត ។ ពលរដ្ឋក្នុងទីក្រុងត្រូវការពន្លឺថ្ងៃយ៉ាងខ្លាំង ហើយពួកគេគិតថា ពន្លឺថ្ងៃផ្តល់ភាពកក់ក្តៅ និងផ្តល់វីតាមីន D ដល់រាងកាយ ។ ហេតុនេះ នៅឆ្នាំ២០១៣ ពួកគេក៏សម្រេចចិត្តចំណាយប្រាក់ជាង៥២ម៉ឺន៥ពាន់ដុល្លារអាមេរិក ដើម្បីដំឡើងកញ្ចក់បញ្ជូនពន្លឺថ្ងៃមកទីក្រុង ។
កញ្ចក់ទាំងអស់បានដំឡើងលើទីទួលខ្ពស់ជាងទីក្រុង ចំនួន៤៥០ម៉ែត្រ ហើយវាជាកញ្ចក់ស្រូបថាមពលព្រះអាទិត្យ ដែលអាចចាប់ចលនាព្រះអាទិត្យបាន ។ ចាប់ពីពេលនោះមក កញ្ចក់បានក្លាយជាព្រះអាទិត្យសិប្បនិម្មិតជួយបំភ្លឺទីក្រុងងងឹត ។ ពលរដ្ឋម្នាក់បានរស់នៅទីក្រុង Rjukan តាំងពីពុំទាន់ដំឡើងកញ្ចក់បំភ្លឺទីក្រុង និយាយថា លោកពុំធ្លាប់ឃើញពន្លឺថ្ងៃទេ ពន្លឺថ្ងៃជួយឱ្យទីក្រុងយើងកក់ក្តៅទាំងរាងកាយ និងផ្លូវចិត្ត ។
កន្លងមក មតិមួយចំនួនរិះគន់ថា ការដំឡើងកញ្ចក់បំភ្លឺក្នុងទីក្រុង គឺជាការខ្ជះខ្ជាយប្រាក់ឥតប្រយោជន៍ ។ ប៉ុន្តែមតិខ្លះទៀតជឿថា វាបានជួយឱ្យពលរដ្ឋក្នុងទីក្រុងកក់ក្តៅ និងទាក់ទាញភ្ញៀវទេសចរមកលេងផងដែរ ៕










