បវរកញ្ញាមានប្រជាប្រិយ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជនបរទេសបានរាំរបាំគោះអង្រែជាមួយគ្នានៅតំបន់រមណីដ្ឋានអង្គរធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ព្រឹត្តិការណ៍នេះនៅក្នុងកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ មានការចូលរួមពីសិល្បករសិល្បការិនីជាច្រើនរូបក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។.png)
កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងនៅមុខប្រាសាទអង្គរវត្តដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ក្នុងស្រុករួមទាំងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរផងដែរមានការចូលរួមយ៉ាងច្រើនកុះករពីសិល្បករ សិល្បការិនីជាច្រើនដួងនិងអ្នកផលិតមាតិកាជាដើម។ ក្នុងកម្មវិធីនៅថ្ងៃទី១៥ ខែសីហា មានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ មានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាច្រើនទម្រង់ អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ការចូលរួមពីសំណាកសិល្បករ សិល្បការិនី រៀបចំខ្លួនតាមបែបប្រពៃណីខ្មែរ និងកម្មវិធីនានាធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទាំងភ្ញៀវជាតិនិងអន្តរជាតិ ហើយនេះក៏ជាចំណុចទាក់ទាញជួយបានទាំងវិស័យទេសចរណ៍ និងបានលើកតម្កើនសិល្បៈវប្បធម៌ខ្មែរផងដែរ។
ទន្ទឹមនឹងនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងជនបរទេសដ៏ស្រស់សង្ហាកំពុងតែមានភាពរីករាយក្នុងការរាំរបាំគោះអង្រែនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ។
ជាបវរកញ្ញាល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជាស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ ទីតាំងនៅប្រាសាទអង្គរជាតំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជាធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង ជនបរទេសក៏ចូលចិត្ត ឯយើងក៏ទទួលបានអត្ថប្រយោជន៍ពីវិស័យទេសចរណ៍ ជាប្រទេសសម្បូរទៅដោយស្នាមញញឹមស្រស់ស្អាតរួសរាយរាក់ទាក់។
ក្រៅពី ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានអ្នកសិល្បៈច្រើនរូបផ្សេងទៀតបានចូលរួមក្នុងកម្មវិធីនេះដែលញុំាងឱ្យកម្មវិធីពិតជាអធិកអធមភ្ញៀវទេសចរពេញចិត្តយ៉ាងខ្លាំង៕










