តារាចម្រៀង ចិត្ត កញ្ចនា បានធ្វើឱ្យប្រជាជនកូរ៉េដែលចូលរួមទស្សនាផ្ទាល់ក្នុងអំឡុងការសម្តែងរបស់នាងតំណាងឱ្យប្រទេសកម្ពុជាក្នុងមហោស្រពអន្តរជាតិ Round Festival ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភាពភ្ញាក់ផ្អើលនេះដោយសារតែ កញ្ចនា បានបកស្រាយបទចម្រៀងរបស់ខ្លួនជាភាសាកូរ៉េ និង បន្ទាប់មកជាភាសាខ្មែរដើម្បីឱ្យអ្នកចូលរួមទស្សនាបានយល់ពីអត្ថន័យចម្រៀងរបស់ខ្លួន។ ការសម្តែងរបស់ កញ្ចនា ដោយទឹកដមសំឡេងពីរោះរណ្តំធ្វើឱ្យមានការសាទរយ៉ាងច្រើនពីសំណាកទស្សនិកជន។
គេចាំបានថាកាលពីខែឧសភា កន្លងមកតារាចម្រៀង ចិត្ត កញ្ចនា បានបង្ហើបប្រាប់ទស្សនិកជនថានាងត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកម្ពុជាដើម្បីចូលរួមសម្តែងនៅមហោស្រពអន្តរជាតិ Round Festival ប្រទេសកូរ៉េ ឆ្នាំ២០២៤។ ការប្រកាសនេះបានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រផងបានសម្តែងនូវក្តីអបអរចំពោះនាងបន្ទាប់ពីខិតខំលើអាជីពសិល្បៈរាប់ឆ្នាំមានឱកាសតំណាងប្រទេសរបស់ខ្លួននៅលើឆាកអន្តរជាតិ។
ការចូលរួមរបស់ ចិត្ត កញ្ចនា ដែលតំណាងប្រទេសកម្ពុជា រួមជាមួយសិល្បករដែលតំណាងប្រទេសក្នុងតំបន់អាស៊ាននិងកូរ៉េ គឺបានចាក់ផ្សាយជាផ្លូវការហើយកាលពីពេលថ្មីៗនេះហើយបានបង្ហាញឱ្យឃើញថាសិល្បការិនីកម្ពុជាពិតជាធ្វើបានល្អនិងធ្វើឱ្យប្រជាជនកូរ៉េមានការភ្ញាក់ផ្អើលចំពោះនាងជាខ្លាំង។ ឆាកការប្រគំតន្រ្តីមហោស្រពអន្តរជាតិ Round Festival ឆ្នាំ២០២៤ គឺធ្វើឡើងនៅ KBS Busan Hall ដែលមានសភាពធំនិងស្រស់ស្អាតផងដែរ។
នៅវគ្គដំបូងរបស់ខ្លួន ចិត្ត កញ្ចនា បានបកស្រាយបទចម្រៀងផ្ទាល់ខ្លួនមានចំណងជើងថា «Missing You» រួមជាមួយការស្វាគមន៍ និងទទួលបានសំឡេងហ៊ោពេញស្ទូឌីយូ ខណៈតារាចម្រៀងស្រីរូបនេះបានបញ្ចេញទឹកដមសំឡេងដ៏ពីរោះរបស់ខ្លួនហើយមួយបទនេះក៏មានឧបករណ៍ខ្មែរផងដែរ។ ក្នុងវគ្គទី២ កញ្ចនា បានធ្វើឱ្យប្រជាជនកូរ៉េកាន់តែមានភាពភ្ញាក់ផ្អើលទ្វេដងបន្ទាប់ពីនាងបានបង្ហើរសំឡេងចម្រៀងរបស់ខ្លួនជាភាសាកូរ៉េដើម្បីឱ្យប្រជាជនកូរ៉េបានយល់ពីអត្ថន័យបទចម្រៀងរបស់ខ្លួន។
ការបកស្រាយចម្រៀងលើកទី២ កញ្ចនា បានជ្រើសបទ «កម្លាំងចិត្ត» ដោយដំបូងច្រៀងជាភាសាកូរ៉េ ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញhall និងបន្ទាប់មក កញ្ចនា បានបកស្រាយជាភាសាខ្មែរវិញ។ វត្តមានរបស់តារាចម្រៀងស្រីរូបនេះដែលតំណាងឱ្យប្រទេសកម្ពុជាគឺពិតជាធ្វើឱ្យអន្តរជាតិមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ផងដែរ។ ការសម្តែងលើកនេះ ចិត្ត កញ្ចនា គឺបានបង្ហាញអារម្មណ៍រំភើបរីករាយខ្លាំងមែនទែន។
គួរបញ្ជាក់ថានៅឆ្នាំ ២០២៣ មហោស្រពតន្ត្រីអាស៊ាននិងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានសិល្បករចំនួន ១៨នាក់មកពីប្រទេសចំនួន ១១ រួមទាំងប្រទេសកូរ៉េផងដែរ។ ឆ្នាំមុននេះតារាចម្រៀង មាស សុខសោភា និង ចេន បានតំណាងឱ្យកម្ពុជាដោយបានបង្ហើរសំនៀងដ៏ពីរណ្តំក្រោមបទចម្រៀងមានចំណងជើងថា «គូគ្រង»៕










