ករណីសិស្សម្នាក់សម្តែងអាកប្បកិរិយាមិនសមរម្យ ដាក់លោកគ្រូបង្រៀន ត្រូវបានអភិបាលស្រុកជលគិរី ដោះស្រាយរួចរាល់ហើយ ដោយបានកោះហៅសិស្សនោះ មកធ្វើកិច្ចសន្យា និងមានការធានាពីឪពុកម្តាយ។
សិស្សនោះមានឈ្មោះថា រី សុវណ្ណ ភេទប្រុស ជាសិស្សថ្នាក់ទី ៦(ក)នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយមានឪពុកឈ្មោះ ប៊ុត រឺ ម្តាយឈ្មោះ ម៉ក់ ទុំ។
សិស្សនេះបានប្រើអាកប្បកិរិយាបែបហឹង្សា មកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ នឹងសម្តែងចរិកចង់វាយគ្រូ ដែលហេតុការណ៍នេះកើតឡើងនាពេលរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៤កន្លងទៅ។
នៅក្នុងលិខិតធានា បានបញ្ជាក់ច្បាស់ថា៖” ប្រសិនបើករណីសិស្សឈ្មោះ រី សុវណ្ណ នៅតាមបន្តអាកប្បកិរិយាបែបហឹង្សានេះទៀត នឹងត្រូវប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ជាធរមាន”៕












