សារព័ត៌មាន AFP រាយការណ៍ថា ពលរដ្ឋចិនចំនួន១៦នាក់ត្រូវបានរ.ន្ទះបា.ញ់ ក្នុងពេលតែមួយក្រោយពីមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ហើយពួកគេក៏រត់ទៅជ្រកភ្លៀងក្នុងខ្ទមចម្ការ ។ ហេតុការណ៍គួរឱ្យតក់ស្លុ.ត នេះបានកើតឡើងនៅទីក្រុង Changzhou ខេត្ត Jiangsu ស្ថិតនៅភាគខាងកើតប្រទេសចិន ។
អាជ្ញាធរនិយាយថា ដំបូលខ្ទមបានបាក់ធ្លាក់សង្កត់លើមនុស្សទាំងអស់ដែលកំពុងជ្រកភ្លៀងក្រោយពេលរន្ទះបាញ់ភ្លាម ហើយអាជ្ញាធរបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។ មនុស្សរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍នេះស្មើនឹង៦នាក់ ហើយពួកគេបានស្លាប់នាពេលបន្ទាប់ រីឯមនុស្ស១០នាក់ទៀតរួចផុតពីគ្រោះថ្នាក់ ខណៈគ្រូពេទ្យកំពុងតែព្យាបាលយ៉ាងដិតដល់ ។
ក្រៅពីនេះ អាជ្ញាធរបានដាស់តឿនឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្លួន ដោយសារបច្ចុប្បន្ន ប្រទេសចិនបានប្រឈមនឹងអាកាសធាតុប្រែប្រួលនៅរដូវក្តៅ និងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងកើត និងខាងត្បូង ។ រីឯតំបន់ជាច្រើននៅភាគខាងជើងប្រទេសចិនមានអាកាសធាតុក្តៅខ្លាំង ដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ជាបន្តបន្ទាប់ ។
គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងជើងខេត្ត Shanxi ប្រទេសចិន ដែលបណ្តាលឱ្យបាក់ស្ពាន និងមានមនុស្សស្លាប់រហូតដល់៣៨នាក់ផងដែរ ។
ដោយឡែក សារព័ត៌មាន AFP រាយការណ៍ថា មានរន្ទះបាញ់ភ្ញៀវទេសចរនៅឆ្នេរសមុទ្រក្បែរទីក្រុងទេសចរណ៍ Alba Adriatica ខេត្ត Teramo ភាគកណ្តាលប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣ ខែសីហា កន្លងមក ដែលបណ្តាលឱ្យភ្ញៀវទេសចររងរបួស៣នាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់ ។
រីឯសារព័ត៌មានអ៊ីតាលីរាយការណ៍ថា អ្នករងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរនៅក្បែរនេះ ។ ភ្នាក់ងារការពារជនស៊ីវិលរបស់អ៊ីតាលីបានជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅតំបន់កណ្តាលប្រទេស ព្រមទាំងដាស់តឿនឱ្យពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ ៕










