កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កាសែតជាភាសារុស្សីមួយមានឈ្មោះថា “សេហ្គា” បានចេញផ្សាយ ដោយបានសរសេរដាក់ចំណងជើងថា “ចិនបំបែក កម្ពុជាពីវៀតណាមដោយបង្វែរចរាចរណ៍តាមបណ្ដោយមេគង្គ”។
ជុំវិញករណីនេះ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះសារនៅរៀបរាប់យ៉ាងលម្អិតដូច្នេះថា៖”កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ”។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា៖”ការលើកឡើងថា ព្រែកជីកនេះ បានបម្រើអោយនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ។កុំបារម្ភនឹងកម្ពុជា ! កម្ពុជា ចេះគិតហើយ ! កម្ពុជាពេលនេះ ត្រូវកំណត់ជោគវាសនាដោយខ្លួនឯង”។
គួរបញ្ជាក់ផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ PAS និង PPAP កាន់កាប់ភាគហ៊ុន ៥១% និង OCIC របស់លោកអ្នកឧកញ៉ាពុង ខៀវសែ ៤៩%៕










