នាព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ២០២៤នេះ កម្ពុជា នៅសល់តែអត្តពលិកម្នាក់ទៀតប៉ុណ្ណោះ ដែលនឹងប្រកួតនៅក្នុងថ្ងៃនេះ ខណៈអត្តពលិក២រូបផ្សេងទៀតបានបរាជ័យរួចមកហើយ។
អត្តពលិកកម្ពុជាចុងក្រោយគេនេះ គឺកីឡាករ ឈុន ប៊ុនថន ដែលត្រូវប្រកួតថ្ងៃទី៧ ខែសីហា ម៉ោង ៦ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ។
ឈុន ប៊ុនថន ជាម្ចាស់ជើងឯកលេខ១ ក្នុងវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ និង ១ ៥០០ម៉ែត្រ ក្នុងការប្រកួតកីឡាជាតិលើកទី១ និងលើកទី២ បាននាំមុខគេនៅក្នុងការប្រកួតជម្រុះរត់ចម្ងាយ ៨០០ម៉ែត្រក្នុងក្រុមទី២ ដែលមានកីឡាករ ៨ប្រទេសចូលរួម។
មិនតែប៉ុណ្ណោះ រូបគេក៏ជាម្ចាស់មេដាយមាសសុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
គួរបញ្ជាក់ផងដែរថា កម្ពុជា មានអត្តពលិក៣នាក់ប៉ុណ្ណោះ ដែលចូលរួមរឹត្តិការណ៍អូឡាំពិកប៉ារីស ដោយក្នុងនោះ កីឡាករ អង់គ្វីន ម៉ាតាំងក្លូឌ ដែលប្រកួតក្នុងវិញ្ញាហែលទឹកសេរី១០០ម៉ែត្រ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅបានបាត់បង់សិទ្ធឡើងទៅវគ្គបន្តហើយ ដោយធ្វើបានត្រឹមលេខ៣។
រីឯកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា ដែលប្រកួតលើវិញ្ញាសាហែលទឹក ៥០ម៉ែត្រ ក៏ធ្វើមិនបានល្អ បាត់បង់សិទ្ធឡើងទៅវគ្គបន្តផងដែរ៕










