មនុស្សម្នាក់ៗចាត់ទុកថា «លោកយាយ» គឺជាមនុស្សដ៏សំខាន់ និងជាទីគោរពសម្រាប់កូនចៅ ពីព្រោះលោកយាយតែងតែអប់រំប្រៀនប្រដៅ, ផ្តល់ចំណេះដឹង, ផ្តល់ភាពកក់ក្តៅ និងក្តីស្រឡាញ់ដល់យើងមិនខុសគ្នាពីម្តាយឡើយ ។ ប៉ុន្តែសម្រាប់សត្វវិញ តើពួកវាមានយាយដូចមនុស្សដែរឬទេ? ហើយយាយរបស់សត្វនឹងមើលថែទាំចៅៗឬអត់?
យើងកុំទាន់និយាយដល់យាយរបស់សត្វ គឺនិយាយត្រឹមឪពុករបស់វា (ឬបា) ជាមុនសិន ។ ជាទូទៅ សត្វឈ្មោលគ្មានតួនាទីថែទាំកូនៗរបស់វាឡើយ ហើយតួនាទីនេះជារបស់សត្វញី ។ សត្វនីមួយៗពុំអាចមានជីវិតរស់នៅលើពិភពលោកនេះយូរអង្វែងទេ ទើបសត្វភាគច្រើនគ្មានយាយដូចមនុស្ស ប៉ុន្តែដំរីខុសពីសត្វទូទៅ គឺដំរីមានយាយ ។
កាលពីជាង៤០ឆ្នាំមុន លោកស្រី Phyllis Lee ជាសាស្តា្រចារ្យមកពីសាកលវិទ្យាល័យ Stirling ប្រទេសស្កុតឡេន បានប្រមូលទិន្នន័យរបស់សត្វដំរីចំនួន៨០០ក្បាល ដែលរស់នៅឧទ្យានជាតិ Amboseli ប្រទេសកេនយ៉ា ហើយលទ្ធផលការស្រាវជ្រាវនេះធ្វើឱ្យមនុស្សលើពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំង ។
លោកស្រីរកឃើញថា ការរស់រានមានជីវិតរបស់កូនដី គឺអាស្រ័យលើការថែទាំពីយាយរបស់ពួកវា ។ ជាទូទៅ សត្វដំរីបានរស់នៅជាគ្រួសារធំៗ និងមានសមាជិកជាច្រើនក្បាល ។ ម្យ៉ាងទៀត ដោយសារដំរីមានអាយុច្រើនជាងសត្វផ្សេងៗ ទើបយើងតែងតែឃើញមានដំរីចាស់ៗរស់នៅក្នុងហ្វូង ហើយពួកវាជាយាយដំរី ដែលមានតួនាទីសំខាន់ក្នុងចំណោមដំរីផ្សេងទៀត ។
យាយដំរី ដែលមានអាយុច្រើនជាងគេនឹងក្លាយជាមេដឹកនាំហ្វូងដំរី ហើយវានឹងនាំកូនចៅទៅស្វែងរកចំណីអាហារ និងផឹកទឹកតាមតំបន់ផ្សេងៗ ។ ក្រៅពីនេះ ដំរីញីចាស់មានតួនាទីមើលថែកូនចៅដំរីក្នុងហ្វូងរបស់វា ពេលពួកវាប្រឈមមុខជាមួយដំរីហ្វូងផ្សេង ។
លើសពីនេះ ដំរីញីនឹងបង្កើតកូនកាន់តែច្រើនឡើង បើមានយាយដំរីរស់នៅក្នុងហ្វូង ពីព្រោះយាយដំរីនឹងជួយការពារកូនដំរីគ្រប់បែបយ៉ាង និងជួយកម្ចាត់ឧបសគ្គនៅតាមផ្លូវ ។ យាយដំរីនឹងពុំស៊ីចំណីមុនដំរីផ្សេងៗទេ គឺយាយដំរីនឹងទុកឱ្យកូនដំរីស៊ីចំណីដែលរកបានជាមុនសិន ។ ទង្វើនេះ គឺដូចគ្នានឹងសត្វផ្សេងទៀតដែរ ដែលសុខចិត្តឱ្យកូនៗស៊ីឆ្អែតមុន ។
លោកស្រីសាស្ត្រាចារ្យ Phyllis Lee និយាយថា ៖ «សត្វដំរីមានប្រាជ្ញាឆ្លាតពុំគួរឱ្យជឿ ហើយយើងត្រូវតែចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាពីវា ទើបអាចយល់ពីទង្វើទាំងអស់របស់វា» ។
ហេតុនេះ យាយដំរីមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការថែទាំកូនចៅរបស់វា ។ ពេលស្តាប់រឿងនេះចប់ យើងកុំភ្លេចយកចិត្តទុកដាក់ និងថែទាំមនុស្សចាស់ក្នុងគ្រួសាររបស់យើងឱ្យល្អ ពីព្រោះពួកលោកក៏ដូចគ្នានឹងយាយដំរីដែរ ដែលបានជួយថែទាំយើងកាលពីនៅតូច គឺពុំខុសគ្នាឡើយ ៕










