ប្រទេសឡាវ ៖ ក្រសួងការងារ សុខុមាលភាព និងសង្គមឡាវ កំពុងតែពិចារណាដំឡើងប្រាក់ឈ្នួលរបស់ពលរដ្ឋមានចំណូលទាប ដែលធ្វើការក្នុងផ្នែកផលិតកម្ម, សេវាកម្ម និងកសិកម្ម ដើម្បីឱ្យប្រាក់ខែរបស់ពួកគេអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃ ។ បច្ចុប្បន្ន ទំនិញគ្រប់ប្រភេទលក់នៅតាមផ្សារ និងសេវាកម្ម មានតម្លៃកើនឡើងខ្ពស់នៅទូទាំងប្រទេស ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ។
សារព័ត៌មានស៊ីនហួររាយការណ៍ថា រដ្ឋាភិបាលឡាវ និងអាជីវកម្មផ្សេងៗបានដំណើរការងារដោយប្រើប្រាស់ថវិកាមានកំណត់យ៉ាងខ្លាំង ហើយធ្វើឱ្យរដ្ឋាភិបាលឡាវព្យាយាមដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈ និងទំនិញកើនឡើងខ្ពស់ជាបន្តបន្ទាប់ ។ លើសពីនេះ ប្រាក់គីបរបស់ឡាវបានធ្លាក់ថ្លៃ ហើយវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពពលរដ្ឋយ៉ាងខ្លាំង ។.jpg)
ហេតុនេះ ក្រសួងការងារ, សហព័ន្ធសហជីពឡាវ ព្រមទាំងសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ បានធ្វើការពិភាក្សាគ្នាស្វែងរកវិធីដោះស្រាយបញ្ហាទាំងនេះ ដោយការដំឡើងប្រាក់ឈ្នួលដល់ពលរដ្ឋមានចំណូលទាប ។ ក្រៅពីនេះ ស្ថាប័នពាក់ព័ន្ធក៏បានពិភាក្សាអំពីការជួលកម្លាំងពលកម្មបន្ថែម និងជំរុញផ្នែកផលិត ជាពិសេស ក្នុងឧស្សាហកម្មការផលិត ។
ការពិភាក្សាគ្នានេះដើម្បីឈានទៅរកការដោះស្រាយបញ្ហាសម្រាប់ជាប្រយោជន៍ដល់និយោជិក, និយោជក និងផ្តល់ប្រយោជន៍ទូទៅសម្រាប់រដ្ឋាភិបាល ។ រីឯលទ្ធផលការពិភាក្សានឹងផ្ញើទៅទីស្តីការនាយករដ្ឋមន្ត្រីពិចារណាបន្តទៀត ។
គេសង្កេតឃើញថា ពលរដ្ឋឡាវតែងតែត្អូញត្អែរក្នុងបណ្តាញសង្គមថា ការធ្វើការនៅប្រទេសឡាវទទួលបានប្រាក់ខែតិចខ្លាំង បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ដូច្នេះហើយ ទើបពលរដ្ឋឡាវរស់នៅតាមជនបទសម្រេចចិត្តចាកចោលស្រុកកំណើតទៅធ្វើការនៅក្រៅប្រទេស ដើម្បីផ្ញើប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ ៕










