ប្រទេសបារាំង ៖ មហាជនភាគច្រើនឆ្ងល់ថា តើវាបណ្តាលមកពីទឹកទន្លេ Seine របស់ប្រទេសបារាំងពុំស្អាតឬយ៉ាងណា ទើបធ្វើឱ្យកីឡាករកាណាដាម្នាក់ ដែលចូលរួមប្រកួតហែលទឹកទន្លេនេះក្អួតរហូតដល់១០លើក នៅពេលហែលទឹកមកដល់ចំណុចគោលដៅ?
វាមានរឿងធ្វើឱ្យមហាជនប្រកែកគ្នាមិនអស់មិនហើយ អំពីករណីគុណភាពរបស់ទឹកទន្លេ Seine នៅប្រទេសបារាំង ។ រីឯគណៈកម្មការប្រកួតកីឡាអូឡាំពិកបញ្ជាក់ថា ទឹកទន្លេ Seine ស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជាកន្លែងឱ្យកីឡាករប្រកួតហែលទឹក ក្នុងកីឡាអូឡាំពិក ឆ្នាំ២០២៤ ។
ប៉ុន្តែមហាជនពុំចាំបាច់ប្រកែកគ្នាបន្តទៀតទេ ពីព្រោះបើតាមទូរទស្សន៍ឃើញថា កីឡាករហែលទឹករូបនេះបានក្អួតភ្លាមៗ ។ នេះជាចម្លើយទៅកាន់អ្នកតាមដានការប្រកួតកីឡាអូឡាំពិកនៅទូទាំងពិភពលោកថា គុណភាពទឹករបស់ទន្លេនេះគ្មានស្តង់ដារ ។ បើតាមការត្រួតពិនិត្យកាលពីខែមិថុនា ឆ្នាំ២០២៤ បង្ហាញថា ទន្លេនេះមានមេរោគម្យ៉ាងឈ្មោះ អ៊ីខូឡៃ ខ្ពស់ពីកម្រិតទឹកធម្មតា រហូតដល់១០ដងឯណោះ ។
កីឡាករក្នុងរូបភាពដែលយើងគ្រប់គ្នាបានឃើញនេះឈ្មោះ Tyler Mislawchuk ជនជាតិកាណាដា អាយុ២៩ឆ្នាំ បានចូលរួមប្រកួតហែលទឹក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ប៉ុន្តែក្រោយពីលោកហែលទឹកទៅដល់គោលដៅ លោកពុំបានអបអរសារទរនឹងជ័យជម្នះទេ ប៉ុន្តែលោកបានក្អួតចង្អោរ ។ លោកនិយាយថា លោកបានក្អួតរហូតដល់១០លើក ក្រោយពីហែលទឹករួច ។
កន្លងមក អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo ធ្លាប់បានចុះហែលទឹកទន្លេ Seine ដែលមានមនុស្សម្នាជាច្រើននាក់ឈរមើល ។ បន្ទាប់ពីហែលទឹករួច លោកស្រីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «ទឹកទន្លេនេះស្អាតណាស់ វាត្រជាក់បន្តិច តែវាមិនអាក្រក់ទេ» ។
ទោះយ៉ាងណា កីឡាករហែលទឹកឈ្មោះ Tyler Mislawchuk បានមកដល់គោលដៅក្នុងលេខរៀងទី៩ ដោយចំណាយពេល១ម៉ោង និង៤៤នាទី ២៥វិនាទី ។ រីឯមេដាយមាស បានទៅកីឡាករ Alex Yee របស់អង់គ្លេស, មេដាយប្រាក់ បានទៅកីឡាករ Hayden Wilde របស់នូវែលសេឡង់ និងមេដាយសំរិទ្ធ បានទៅកីឡាករ Leo Berger ៕










