ថ្មីនេះៗ មហាជនខ្មែរជាច្រើនបានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះការដាក់តាំងបង្ហាញ អំពីសម្បត្តិវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរ ក៏ដូចជាបង្អួតសម្រស់របស់រមណីយដ្ឋានទេសចរណ៍នានា នៅលើផ្លាកប៉ាណូយ៉ាងធំៗច្បាស់ៗនៅតាមដងផ្លូវក្នុងខេត្តសៀមរាប។
កាលពីព្រឹកថ្ងៃទី២ ខែកក្កដានេះ យោងតាមវីដេអូដែលបានដាក់បង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា SIEM REAP VIBES គឺបានបង្ហាញឲ្យឃើញពីទិដ្ឋភាពត្រង់ចំណុចបណ្តោយផ្លូវលោកតាណឺយ នៅក្នុងខេត្តសៀមរាប ដែលនៅតាមដងផ្លូវបានដាក់តាំងផ្លាកប៉ាណូធំៗបង្ហាញយ៉ាងច្បាស់ៗអំពីសម្បត្តិវប្បធម៌អរិយធម៌ និងតំបន់ទេសចរណ៍នានាលើទឹកដីនៃខេត្តសៀមរាប ក្នុងនោះគឺរួមមានរូបភាពព្រហ្មមុខ៤ ចម្លាក់បុរាណ ទឹកធ្លាក់ ប្រាសាទអង្គរវត្ត និងប្រាសាទខ្មែរមួយចំនួនទៀតជាដើម។ 
សូមជម្រាបថា កាលពីពេលកន្លងទៅ អាជ្ញាធរខេត្តសៀមរាបបានអនុវត្តវិធានការដោយចាប់ផ្ដើមធ្វើការរុះរើស្លាកពាណិជ្ជកម្មស្រាបៀរ ក្នុងខេត្តសៀមរាប ដោយជំនួសមកវិញដោយផ្លាកផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ខណៈដែលផ្លាកប៉ាណូទាំងនេះបាននឹងកំពុងលេចឡើងជាបណ្តើរៗហើយ។ 
យ៉ាងណាមិញ បន្ទាប់ពីរូបភាពទាំងនេះបានចែកចាយទៅសាធារណៈជនជាច្រើនបានសម្តែងនូវការពេញចិត្តកោតសរសើរ និងសំណូមពរបន្ថែមព្រោងព្រាត ដោយមតិមួយបានលើកឡើងថា«គាំទ្រស្អាតណាស់ បើអាចគួរបន្ថែមអក្សរអង់គ្លេសផង ដើម្បីជនបរទេសគាត់អាចដឹងឈ្មោះប្រាសាទងាយស្រួលគាត់ស្វែងរក»។ អ្នកខ្លះថា«នេះជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍»។
ម្នាក់ទៀតថា«បើថែម QR code ទីតាំង របស់ប្រាសាទនីមួយៗ នៅផ្នែកតូចមួយនៃរូបភាព កាន់តែប្រសើរ»។ រីឯម្នាក់ទៀតថា«នេះជាអ្វីដែលសមនឹងឈ្មោះទីក្រុងវប្បធម៌ ស្របតាមគំនិតប្រជាពលរដ្ឋ»។
ចំណែកឯម្នាក់ទៀតក៏បានលើកឡើងផងដែរថា«បើខេត្តទាំងអស់អនុវត្តន៍បែបនេះល្អណាស់ទម្លាក់ស្លាកស្រាបៀរចុះ ហើយបង្ហាញតំបន់រមណីយដ្ឋានក្នុងខេត្តនីមួយៗ តាមទីតាំង ដើម្បីឲ្យភ្ញៀវជាតិនឹងអន្តរជាតិបានឃើញទៅលេង តាមគំនិតខ្ញុំទេអរគុណ»៕










