តារាសម្តែងរូបសង្ហា ប៊ឺរី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមក្រោយពីអ្នកចម្រៀងជូឌី ចេញមកបង្ហាញការឈឺចាប់ជុំវិញសម្ព័ន្ធភាពជាមួយលោកបង្ហាញថាលោកជ្រើសរើសយកលុយនិងការងារជាធំស្របពេល ប៊ឺរី កំពុងបង្ហាញភាពសិ្នទ្ធស្នាលជាមួយអ្នកជំនួញ ម៉ាដាម ដា។ ភាពចម្រូងចម្រាសនេះកំលោះសង្ហាស្រាប់តែបានបោះពាក្យយ៉ាងខ្លីថា «ជាមនុស្សស្ងៀមស្ងាត់មិនចូលចិត្តតបត»។
វាបានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមបន្ទាប់ពីគណនីទិកតុកមួយឈ្មោះថា Ju Dīī ដែលជាអ្នកចម្រៀងមួយរូបបានបង្ហោះវីដេអូខ្លីមួយដោយដាក់ព្រាលៗប៉ុន្តែគេបានដឹងថាជារូបរបស់តារាសម្តែង ប៊ឺរី ខណៈអ្នកទាំងពីរមានសម្ព័ន្ធភាពស៊ីជម្រៅជាមួយគ្នា។ ទន្ទឹមនឹងវីដេអូដែលបានចែករំលែក ជូឌី បានសរសេរខ្លឹមសារដែរថា « ១ឆ្នាំមកនេះ មានតែយើងពីរនាក់ទេដែលយល់ពីគ្នាច្បាស់ ដឹងពីគ្នាគ្រប់រឿង តែដោយសារតែការងារ និងលុយចុងក្រោយបងថា បងគ្មានជម្រើសទេ»។ មុននឹងការបង្ហោះវីដេអូនេះ អ្នកចម្រៀងរូបនេះបានបង្ហាញវីដេអូយំសោកយ៉ាងខ្លាំង។
ការបង្ហោះនេះបានក្លាយជារឿងដ៏រសើបយ៉ាងខ្លាំងព្រោះមួយរយៈចុងក្រោយនេះអ្នកគាំទ្របានឃើញតារាសម្តែង ប៊ឺរី បានក្លាយជាងអ្នកតំណាងផលិតផលរបស់ ម៉ាដាម ដា ដែលជាអ្នកជំនួញដ៏ល្បីល្បាញនិងទើបតែបែកបាក់ស្នេហា៨ឆ្នាំបង្ហាញការស្និទ្ធស្នាលធ្វើឱ្យមានការលើកឡើងជាច្រើនជុំវិញទំនាក់ទំនងមួយនេះ។
បន្ទាប់ពីការបង្ហោះរបស់ ជូឌី ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ទៅកាន់តារាសម្តែង ប៊ឺរី ដូចគ្នា និងមានការជជែកវែកញែកយ៉ាងច្រើន។
នៅរសៀលថ្ងៃទី១ សីហា តារាសម្តែង ប៊ឺរី បានបោះពាក្យយ៉ាងខ្លីទៅលើភាពចម្រូងចម្រាសនេះថា «ត្រឹមជាក្មេងតូចម្នាក់ដែលស្ងៀមស្ងាត់ មិនចូលចិត្តតបត»។ ងាកទៅកាន់បណ្តាញសង្គមទិកតុករបស់ ជូឌី ដែលបានបង្ហោះវីដេអូពី ប៊ឺរី ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរប៉ុន្តែគេបានឃើញជំនួសមកវិញនូវវីដេអូដែលបង្ហាញពីការឈឺចាប់របស់នាង៕










