ប្រទេសឥណ្ឌា ៖ ឥណ្ឌាជាប្រទេសមួយដែលចំនួនពលរដ្ឋមា
នទូរស័ព្ទដៃប្រើប្រាស់ លើសចំនួនពលរដ្ឋមានបន្ទប់ទឹកប្រើប្រាស់ ឬពលរដ្ឋជាងពាក់កណ្តាលរបស់ឥណ្ឌា នៅតែមានទម្លាប់បន្ទោរបង់កណ្តាលវាល ។ ពលរដ្ឋឥណ្ឌាភាគច្រើនមានគំនិតចាក់ឫសតាំងពីមកយូរថា ការមានបន្ទប់ទឹកក្នុងផ្ទះជារឿងអពមង្គល និងកខ្វ.ក់ យ៉ាងខ្លាំង ។
វាបានក្លាយជាបញ្ហាជាតិដែលរដ្ឋាភិបាលឥណ្ឌាព្យាយាមដោះស្រាយ ដោយការចំណាយប្រាក់ធ្វើបន្ទប់ទឹក, ជួលពលរដ្ឋឱ្យប្រើបន្ទប់ទឹក, រិះគន់អ្នកមិនប្រើបន្ទប់ទឹក, អប់រំពីអនាម័យ និងធ្វើគ្រប់វិធីដើម្បីឱ្យពលរដ្ឋប្រើប្រាស់បន្ទប់ទឹកជំនួសទីសាធារណៈ ។ ការមិនប្រើបន្ទប់ទឹកបានធ្វើឱ្យប៉ះពាល់សុខភាព ហើយពេលខ្លះ ធ្វើឱ្យពួកគេគ្មានឱកាសស្វែងរកគូអនាគតផងដែរ ។
ភូមិតូចមួយនៅរដ្ឋ Uttar Pradesh អ្នកភូមិបាននាំគ្នាឈរជាក្បួន ព្រមទាំងមានសំឡេងតន្ត្រី ដើម្បីទទួលស្ត្រីម្នាក់ឈ្មោះ ពៀន កាបាទី ដែលនាងបានត្រឡប់មកផ្ទះស្វាមីវិញ ។ ពេលស្វាមីចេញមកទទួលនៅមុខផ្ទះ នាងក៏ប្រាប់ស្វាមីថា ត្រូវការបន្ទប់ទឹក ។ ករណីនេះបានល្បីល្បាញនៅឥណ្ឌាកន្លងមក ក្រោយពីនាងរត់ចេញពីផ្ទះស្វាមី ដោយសារគ្មានបន្ទប់ទឹកប្រើប្រាស់ ។
ពលរដ្ឋឥណ្ឌាជាច្រើននាក់សរសើរពីភាពក្លាហានរបស់នាង ហើយអង្គការផ្សេងៗបានលើកឡើងពីករណីរបស់នាង ដើម្បីអប់រំឱ្យពលរដ្ឋឥណ្ឌាមានអនាម័យ ។ លើសពីនេះ គេក៏បានយករឿងរ៉ាវរបស់នាងដែលបានរត់ចេញពីផ្ទះស្វាមីដោយសារគ្មានបន្ទប់ទឹក ទៅផលិតជាភាពយន្តទៀតផង ។ បើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិឱ្យដឹងថា ពលរដ្ឋឥណ្ឌាភាគច្រើននិយនបន្ទោរបង់កណ្តាលវាល ។
លោក អាន់តូមិអូ កូតឺរេស លេខាធិការអង្គការសហប្រជាជាតិនិយាយថា ៖ «ការបញ្ឈប់បន្ទោរបង់នៅកណ្តាលវាល គឺជាប្រធានបទសំខាន់ដើម្បីដោះស្រាយបញ្ហាអនាម័យ ។ វាកំពុងគំរាមកំហែងជីវិតរបស់ក្មេងៗ និងធ្វើឱ្យពួកគេចុកពោះ ខ្វះខាតអាហារ និងអាយុខ្លី ។ ហេតុនេះ ខ្ញុំសូមឱ្យឥណ្ឌាឈប់បន្ទោរបង់នៅកណ្តាលវាល ហើយវាជាបញ្ហាចម្បងដែលរដ្ឋាភិបាលឥណ្ឌាគួរយកចិត្តទុកដាក់ ។ ខ្ញុំសូមសរសើរអង្គការនានាដែលមានគម្រោងច្បាស់លាស់ និងមានថវិកាដោះស្រាយបញ្ហានេះ» ។ 
ពលរដ្ឋនៅប្រទេសនានាចាំបាច់ត្រូវតែប្រើបន្ទប់ទឹក ប៉ុន្តែពលរដ្ឋឥណ្ឌាពុំប្រើបន្ទប់ទឹកគ្រប់គ្នាទេ ដោយសារភាពក្រីក្រ និងគិតថា ពុំចាំបាច់ ព្រោះខ្ជះខ្ជាយប្រាក់ ។ រីឯមូលហេតុមួយទៀតធ្វើឱ្យពួកគេនិយមបន្ទោរបង់កណ្តាលវាល ជាពិសេស អ្នករស់នៅជនបទជឿថា ការមានបន្ទប់ទឹកក្នុងផ្ទះ គឺមានភាពអពមង្គល និងកខ្វក់ ។ ហេតុនេះ ការបន្ទោរបង់ឆ្ងាយពីផ្ទះរាប់រយម៉ែត្រ គឺល្អជាងមានបន្ទប់ទឹកក្នុងផ្ទះ ហើយពួកគេក៏បានយកទឹកម្នាក់១ធុងចេញពីផ្ទះទៅបន្ទោរបង់ខាងក្រៅ ។
ចំណែកអ្នករស់នៅក្នុងទីក្រុងបានមកបន្ទោរបង់ក្នុងទន្លេ, ប្រឡាយ, បឹង ឬសងខាងផ្លូវរថភ្លើង ខណៈអ្នកខ្លះទៀតបន្ទោរបង់ដាក់ថង់ផ្លាស្ទិក រួចហើយបោះចោល ។ ប៉ុន្តែការបន្ទោរបង់កណ្តាលវាលធ្វើឱ្យក្មេងៗស្លាប់ជាច្រើន ជាពិសេស ក្មេងអាយុក្រោម៥ឆ្នាំ ។ លាមក ជាអាហារដ៏ល្អសម្រាប់សត្វល្អិត និងមេរោគ ហើយពេលភ្លៀងធ្លាក់មក វានឹងនាំលាមកទឹកនេះទៅក្នុងទឹក និងបណ្តាលឱ្យឈឺពោះ ។ រីឯស្ត្រីវិញតែងរងនូវការចាប់រំលោភ ពេលពួកនាងទៅបន្ទោរបង់កន្លែងស្ងាត់ ។
បច្ចុប្បន្ន នារីជនបទនៅឥណ្ឌាពុំព្រមរៀបការទេ បើផ្ទះកូនកំលោះគ្មានបន្ទប់ទឹក ។ ហេតុនេះ មុននឹងរៀបការ កូនកំលោះត្រូវតែមានឯកសារបញ្ជាក់ថា ផ្ទះរបស់ខ្លួនមានបន្ទប់ទឹកប្រើប្រាស់ ពីព្រោះស្វាមីល្អពុំគួរបណ្តោយឱ្យភរិយាទៅបន្ទោរបង់ក្រៅផ្ទះទេ ។ ប្រុសៗនៅជនបទបានចាប់ផ្តើមធ្វើបន្ទប់ទឹក ដើម្បីកុំឱ្យសមាជិកគ្រួសារមានគ្រោះថ្នាក់ពេលទៅបន្ទោរបង់ខាងក្រៅ ។
នៅឆ្នាំ២០១៤ ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសសាងសង់បន្ទប់ទឹកនៅទូទាំងប្រទេស និងផ្តល់ប្រាក់ឱ្យគ្រួសារក្រីក្រធ្វើបន្ទប់ទឹក ដើម្បីលុបបំបាត់ការបន្ទោរបង់នៅទីសាធារណៈ ៕










