ប្រទេសហុងគ្រី ៖ មនុស្សម្នាក់ៗតែងតែស្រឡាញ់ចូលចិត្តវត្ថុផ្សេងៗ ហើយពួកគេក៏ចាប់ផ្តើមសន្សំវត្ថុនោះទុកឱ្យបានច្រើន ។ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលស្រឡាញ់វត្ថុខ្លាំងបំផុត? កន្លងមក ប្រព័ន្ធផ្សព្វផ្សាយបរទេសបានផ្សាយពីនារីម្នាក់លង់ស្នេហ៍ជាមួយកូនយន្តហោះផ្លាស្ទិកយ៉ាងខ្លាំង រហូតដល់នាងសម្រេចចិត្តធ្វើសង្សារជាមួយយន្តហោះទៀតផង ។
ស្ត្រីរូបនេះឈ្មោះ សាន់ដ្រា អាយុ៣០ឆ្នាំ រស់នៅប្រទេសហុងគ្រី គឺនាងសម្រេចចិត្តឈប់សេពគប់ជាមួយមនុស្សប្រុស ដោយសារនាងស្រឡាញ់កូនយន្តហោះផ្លាស្ទិក១គ្រឿងយ៉ាងខ្លាំង ។ នាងស្រឡាញ់យន្តហោះតាំងពីនៅក្មេងមកម៉្លេះ រហូតដល់ពេលធំពេញវ័យ នាងក៏ចាប់ផ្តើមស្វែងរកការងារធ្វើផ្នែកអាកាសចរណ៍ ដើម្បីឱ្យនាងបានឃើញយន្តហោះនៅជុំវិញខ្លួនជារៀងរាល់ថ្ងៃ ។
ក្រោយពីនាង សាន់ដ្រា បានចែកផ្លូវគ្នាជាមួយសង្សាររួចមក នាងក៏សម្រេចចិត្តទិញកូនយន្តហោះផ្លាស្ទិក១គ្រឿង ដែលមានតម្លៃ៦០០យូរ៉ូ (ឬស្មើជាង៥០០ដុល្លារអាមេរិក) ។ នាងចាប់ផ្តើមលង់ស្នេហ៍ជាមួយយន្តហោះនេះតាំងពីពេលនោះមក ហើយបានដាក់ឈ្មោះវាថា លូសហ្វាន់ ។
នាង សាន់ដ្រា និយាយថា ៖ «ខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំស្រឡាញ់យន្តហោះខ្លាំងដល់ថ្នាក់នេះទេ ។ ខ្ញុំដឹងត្រឹមថា យន្តហោះនេះស្អាតសង្ហា និងជាគូព្រេងរបស់ខ្ញុំ ។ ជារៀងរាល់ថ្ងៃ ខ្ញុំបានឃើញយន្តហោះមុនគេពេលភ្ញាក់ពីគេងពេលព្រឹក និងឃើញវាចុងក្រោយគេ មុនពេលខ្ញុំគេងពេលយប់ ។ ដូច្នេះ ខ្ញុំបានធ្វើគ្រប់យ៉ាងជាមួយយន្តហោះនេះ» ។
ប៉ុន្តែគេពុំដឹងថា ការធ្វើគ្រប់យ៉ាងជាមួយយន្តហោះរបស់នាងមានអ្វីខ្លះទេ ។ បើទោះជានាងបានធ្វើការងារនៅក្បែរយន្តហោះជារៀងរាល់ថ្ងៃក្តី ប៉ុន្តែនាងនិយាយថា នាងគ្មានថ្ងៃក្បត់ចិត្តយន្តហោះ លូសហ្វាន់ ហើយទៅស្រឡាញ់យន្តហោះផ្សេងទៀតឡើយ ។
នាងបន្តថា ទោះជាពេលខ្លះ នាងបានថើប និងប៉ះពាល់យន្តហោះផ្សេងក្តី ប៉ុន្តែនាងគ្មានអ្វីលើសពីនេះទេ ។ នាងមានសម្ព័ន្ធភាពដ៏ពិសេស ហើយនាងមិនដែលមានអារម្មណ៍ចង់ធ្វើបាបកូនយន្តហោះ លូសហ្វាន់ ទេ ។ នាងប្រាប់ថា ៖ «ការងាររបស់ខ្ញុំគ្រាន់តែថើបយន្តហោះផ្សេងក្នុងអំឡុងពេលបំពេញការងារប៉ុណ្ណោះ តែខ្ញុំធ្វើគ្រប់យ៉ាងនៅផ្ទះជាមួយ លូសហ្វាន់» ។.jpg)
នាងបញ្ជាក់ថា សង្សារមុនរបស់នាងពុំបានថាអ្វីទេ ពេលនាងស្រឡាញ់យន្តហោះ ហើយនាងក៏ពុំធ្លាប់លង់ស្នេហ៍យន្តហោះពីមុនមកដែរ ។ ការរស់នៅជាមួយ លូសហ្វាន់ បង្ហាញថា វាល្អជាងសម្ព័ន្ធភាពទាំងអស់ដែលនាងធ្លាប់មានកន្លងមក ។
នាងពុំដឹងថា តើនាងអាចស្រឡាញ់បុរសដូចមុនវិញដែរឬទេ? ពីព្រោះនាងទុកចិត្តយន្តហោះជាងមនុស្សប្រុស ហើយនាងអាចជជែកជាមួយយន្តហោះគ្រប់ពេលវេលាទៀតផង ។ នាងពុំធ្លាប់មានអារម្មណ៍បែបនេះជាមួយសង្សារមុនទេ ហើយវាជាលើកដំបូង ដែលនាងមានស្នេហាពិតប្រាកដ ៕










