វីដេអូចែកចាយពីបណ្តាញសង្គម បង្ហាញឲ្យឃើញពីទីតាំងធ្វើសមាធិមួយកន្លែង នៅឯឧទ្យាននៃវត្តគិរីសន្តារាម ខេត្តពោធិ៍សាត់ ដែលអមជុំវិញដោយធម្មជាតិព្រៃប្រឹក្សាត្រជាក់ល្ហឹម ខណៈក៏តែងមានការអញ្ជើញចូលរួមពីពុទ្ធបរិស័ទ្ធ ព្រះសង្ឃ និងដូនជី ចម្រើនកម្មដ្ឋានទីនោះមិនដាច់នោះឡើយ។
វត្តគិរីសន្តារាម(ភ្នំតូច) ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាទីស្ងប់ស្ងាត់សម្រាប់ព្រះសង្ឃ ដូនជី ក៏ដូចជាពុទ្ធបរិស័ទ្ធមកពីទីជិតទីឆ្ងាយ ក្នុងការធ្វើបុណ្យសន្សំកុសល ប្រកបដោយសទ្ធាជ្រះថ្លា ដែលបន្ថែមពីនេះ ក៏មានទីតាំងធម្មជាតិស្ងប់សុខសម្រាប់ធ្វើការចម្រើនកម្មដ្ឋានផងដែរ។
យោងតាមការបង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា «វត្តគិរីសន្តារាម ហៅវត្តភ្នំតូច» បានគូសបញ្ជាក់ថា «ជារៀងរាល់ថ្ងៃ សៅរ៍ អាទិត្យ និងច័ន្ទ លោកម្ចាស់និងញាតិញោម អាចនិមន្តអញ្ជើញមកចម្រើនកម្មដ្ឋានបានចាប់ពីវេលាម៉ោង ១ រសៀល រហូតដល់ម៉ោង ៧យប់។ សេនាសនៈ បច្ចុប្បន្នគឺមានតែ ៥០ សេនាសនៈ ប៉ុណ្ណោះ។ ចំពោះទីតាំងនឹងប្រព្រឹត្តិទៅនៅឯឧទ្យានបដិច្ចសមុប្បាទ នៃវត្តគិរីសន្តារាមនេះផងដែរ»។
គួរបបញ្ជាក់ផងដែរថា សមាធិ ឬ ភាវនា គឺមានន័យថាការតម្កល់ចិត្តឲ្យស្ងប់ក្នុងអារម្មណ៍តែមួយ។ ខណៈដែល សមាធិ ចែកចេញជាពីរគឺ៖ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន។ សមថកម្មដ្ឋាន៖ គឺជាហ្វឹកហាត់ចិត្តឲ្យស្ងប់ ការតម្កល់ចិត្តឲ្យមូលក្នុងអារម្មណ៍ណាមួយដែលជាកុសល ការបង្កើនសន្តិភាពជាមួយខ្លួនឯង ឬរបៀបគ្រប់គ្រងចិត្ត។ រីឯវបស្សនាកម្មដ្ឋាន៖ គឺជារៀនដើម្បីបង្កើនបញ្ញា ពោលគឺដើម្បីកាត់ផ្តាច់នូវសេចក្តីទុក្ខ (លោភៈ ទោសៈ មោហៈ) ក៏ដូចជាជាការមើលឃើញអំពីសេចក្តីពិតនៅក្នុងវិស័យចិត្ត និងកាយទៅតាមដំណើនៃធម្មជាតិ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ ដោយសង្កេតឃើញថា មនុស្សម្នាជាច្រើនហាក់ងាកមកចាប់អារម្មណ៍នឹងការធ្វើសមាធិ ក្នុងន័យឆ្ពោះទៅរកសេចក្តីស្ងប់សុខទាំងផ្លូវកាយនិងផ្លូវចិត្ត នៅក្នុងធម៌វិន័យព្រះពុទ្ធសាសនា ទើបទីតាំងសមាធិនានាបានលេចឡើងស្ទើរតែគ្រប់ទិសទី ទំាងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដូចជាបាត់ដំបង កំពង់ចាម ពោធិ៍សាត់ ព្រៃវែងជាដើម៕










