តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាលោក ទេព រិន ដារ៉ូ បានកោតសរសើរទៅកាន់តារាសម្តែង ខាត់ វៃហាំង ដែលជាសិល្បករជំនាន់ក្រោយថា តែងតែគោរពដល់សិល្បកររៀមច្បងហើយនេះជាភាពគំរូមួយ។ ឃើញការសរសើររបស់រៀមច្បងដូចនេះ ខាត់ វៃហាំង បានពោលថា លោក ទេព រិនដារ៉ូ ជាវីរៈតារាសម្តែងក្នុងបេះដូងខ្លួន។
ជឿជាក់ថាទស្សនិកជនក្មេងចាស់ប្រុសស្រី ពិតជាស្គាល់តារាសម្តែងដ៏មានប្រជាប្រិយលោក ទេព រិនដារ៉ូ មិនខានទោះបីជាប្រឡូកអាជីពសិល្បៈអស់រយៈពេលជាច្រើនទសវត្សរ៍ក្តីប៉ុន្តែប្រជាប្រិយភាពរបស់តារាសម្តែងជើងចាស់រូបនេះនៅតែត្រូវប៉ាន់ទីផ្សារមិនថាជាភាពយន្តខ្នាតធំ រឿងភាគ កិច្ចសម្ភាសន៍នានា រួមទាំងសម្តែងក្នុងរឿងខ្លីប្រូម៉ូតផលិតផលជាដើម។ ដ្បិតតែមានវ័យជ្រេក្តី ប៉ុន្តែភាពសង្ហារបស់លោក ទេព រិនដារ៉ូ នៅតែអាចរក្សាបាននិងត្រូវប៉ាន់ដើរតួឪពុករបស់តួឯកប្រុស។

មិនត្រឹមតែមានទេពកោសល្យខ្ពស់ក្នុងអាជីពសម្តែង និងភាពល្អមិនចេះរញ៉ៃមានរឿងអាស្រូវនៅលើបណ្តាញសង្គមលោក ទេព រិនដារ៉ូ តែងតែទទួលបានការគោរពស្រលាញ់ពីសិល្បករជំនាន់ក្រោយចាត់ទុកលោកជានិមិត្តរូប។ ថ្មីៗនេះលោក ទេព រិនដារ៉ូ បានសរសើរសិល្បករជំនាន់ក្រោយម្នាក់គឺជាតារាសម្តែង ខាត់ វៃហាំង ដែលជាសិល្បករគំរូមួយរូបគោរពរៀមច្បង។
លោក ទេព រិនដារ៉ូ បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកនៅយប់ថ្ងៃទី២៩ កក្កដា ថា «អរគុណណាស់ ក្មួយ ខាត់ វ៉ៃហាំង ដែលតែងតែផ្តល់កម្លាំងចិត្តដល់ខ្ញុំ តែងតែផ្តល់ការគោរពនិងភាពស្និទ្ធស្នាលដល់សិល្បកររៀមច្បងដូចជារូបខ្ញុំជាដើម គឺជាគំរូដ៏ល្អមួយ។ សូមជូនពរឱ្យក្មួយទទួលបានជោគជ័យក្នុងអាជីពរបស់ក្មួយ សំណាងល្អក្នុងជីវិតនិងជាពិសេសសុខភាពល្អ »។
ទទួលបានការសរសើរពីរៀមច្បងដូចនេះតារាសម្តែង ខាត់ វៃហាំង បានបង្ហាញដែរថាលោក ទេព រិនដារ៉ូ ជាវីរៈតារាសម្តែងក្នុងបេះដូង។ វៃហាំង បានចែករំលែកការបង្ហោះរបស់លោក ទេព រិនដារ៉ូ ភ្ជាប់មកជាមួយចំណងជើងថា «វីរៈតារាសម្ដែងក្នុងបេះដូង និង ជាទីគោរពស្រលាញ់»។ គួរបញ្ជាក់ថា តារាសម្តែងប្រុសទាំងពីរដួងនេះធ្លាប់បានសម្តែងរឿងជាមួយគ្នាជាច្រើនទាំងរឿងភាគនិងភាពយន្តខ្នាតធំ៕










