ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ថៅកែហាងទំនើបមួយកន្លែងនៅប្រទេសជប៉ុន បានប្រកាសសូមទោសជាសាធារណៈ ក្រោយពីមានអតិថិជនម្នាក់ស្លា.ប់ និងអតិថិជន១៤៧នាក់ទៀតឈឺចូលមន្ទីរពេទ្យ ដោយសារពួកគេបរិភោគអន្ទង់អាំងក្នុងហាងទំនើបនេះ កាលពីសប្តាហ៍ទី៤ ខែកក្កដា ។
ក្រុមហ៊ុន Keikyu Department Store បានប្រកាសកាលពីថ្ងៃទី២៩ ខែកក្កដា ថា អតិថិជនបានជូនដំណឹងមកកាន់ក្រុមហ៊ុន អំពីការទិញអន្ទង់អាំងនៅភោជនីយដ្ឋានឈ្មោះ Nihonbashi Unagi Isesada ស្ថិតក្នុងហាងទំនើប Keikyu Department Store នៅទីក្រុងយ៉ូកូហាម៉ា កាលពីសប្តាហ៍ទី៤ ខែកក្កដា ។ ប៉ុន្តែស្រាប់តែពួកគេមានអាការៈក្អួតចង្អោរ, ចុកពោះ និងមិនស្រួលខ្លួនភ្លាមៗ បន្ទាប់ពីបរិភោគអន្ទង់អាំងរួច ។
មជ្ឈមណ្ឌលសុខភាពសាធារណៈក្នុងទីក្រុងយ៉ូកូហាម៉ា ឱ្យដឹងថា មានអតិថិជនម្នាក់ស្លាប់ និងអតិថិជន១៤៧នាក់ទៀតមានអាការៈខុសប្រក្រតី បន្ទាប់ពីពួកគេបរិភោគអន្ទង់អាំងរបស់ភោជនីយដ្ឋានខាងលើ ។ អតិថិជនដែលស្លាប់នេះ គឺជាស្ត្រីអាយុ៩០ឆ្នាំ មានជំងឺប្រចាំកាយ ហើយមូលហេតុនៃការស្លាប់ពិតប្រាកដកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ។ រីឯអតិថិជន២នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈអតិថិជនផ្សេងទៀតមានអាការៈខុសប្រក្រតីតិចតួច ។
ក្រោយពីកើតហេតុការណ៍អតិថិជនស្លាប់ និងឈឺដោយសារការបរិភោគអន្ទង់អាំង ភោជនីយដ្ឋាន Nihonbashi Unagi Isesada ក៏បានបិទទ្វារផ្អាកដំណើរការ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងមក ។ បន្ទាប់ពីការពិនិត្យលាមករបស់អ្នកជំងឺចំនួន៥នាក់ គ្រូពេទ្យឃើញបាក់តេរីឈ្មោះ Staphylococcus aureus ដែលបាក់តេរីប្រភេទនេះភាគច្រើនស្ថិតនៅលើស្បែក ។
លោក Shinji Kaneko ប្រធានក្រុមហ៊ុន Keikyu Department Store និងអ្នកតំណាងភោជនីយដ្ឋាន បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានអំពីហេតុការណ៍នេះ ។ លោក លោក Shinji បានសូមទោស និងបង្ហាញការសោកស្តាយយ៉ាងខ្លាំងដល់ក្រុមគ្រួសារសាកសព ព្រមទាំងបួងសួងឱ្យអ្នកជំងឺទាំងអស់ឆាប់ជាសះស្បើយឡើងវិញ ។ ក្រៅពីនេះ លោកក៏បានសូមទោសអតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលការក្តៅក្រហាយដោយសារករណីនេះ ។
ចំណែកអ្នកតំណាងភោជនីយដ្ឋាននិយាយថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ភោជនីយដ្ឋានបានដាក់លក់អន្ទង់អាំង ចំនួន១.៧៦១ដុំ ព្រមទាំងមានបាយប្រអប់ផងដែរ ។ ក្នុងចំណោមអន្ទង់អាំងជាង១ពាន់ដុំនេះ ក្នុងនោះមានអន្ទង់អាំង ចំនួន៤៥០ដុំ បានបិតស្លាកថ្ងៃផុតសុពលភាពពុំត្រឹមត្រូវ និងពុំបានបញ្ជាក់ពីរោគសញ្ញាផ្សេងៗដែលបណ្តាលមកពីការបរិភោគអន្ទង់ ៕










