ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ នៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ បានជន់លិចភូមិមួយចំនួន នៅឃុំអូរសោម ដែលបានបណ្តាលឱ្យមានសត្វក្រពើភ្នំដោយមកតាមទឹកជំនន់។
អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា៖”មានសត្វក្រពើឡើងមកតាមទឹក ដែលបានបណ្តាលឱ្យបាត់ក្ងាន បាត់ទាពលរដ្ឋបន្តបន្ទាប់។ ហេតុដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសក្មេងតូចៗ”។
លក្ខណៈជីវសាស្ត្ររបស់សត្វក្រពើភ្នំ មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ដោយក្រពើនេះ ស៊ីខ្យង ក្តាម កង្កែប ត្រីជាអាហារ វាមិនកាចសាហាវដូចសត្វក្រពើទឹកប្រៃនោះទេ ក៏ប៉ុន្តែអ្វីដែលគេបារម្ភគឺក្រពើទាំងពីរប្រភេទនេះមានលក្ខណៈស្រដៀងគ្នា ហើយអាចបង្កាត់ពូជគ្នាបាននៅដោយផលិតបានជាក្រពើកាត់។
អូរសោមត្រូវបានគេទទួលស្គាល់ថា ជាកន្លែងដែលសម្បូរទៅដោយក្រពើរស់នៅ ហើយបច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានប្រមាណជា៤០០ក្បាល៕










