បរទេស៖ ព្យុះទីហ្វុង Gaemi បាននឹងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។
យោងតាម CNN ឥទ្ធិពលនៃព្យុះទីហ្វុងបណ្តាលឱ្យមានទឹកជំនន់នៅកន្លែងជាច្រើនក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន ហើយក៏បានសម្លា.ប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ផងដែរ។ រដ្ឋធានីម៉ានីលលាតសន្ធឹងលើទីក្រុងចំនួន ១៦ និងមានប្រជាជនប្រមាណ ១៣ លាននាក់។
បើយោងទៅតាមវីដេអូគេបានឃើញថា នៅតាមដងផ្លូវ ផ្ទះ សាលារៀន និងមន្ទីរពេទ្យនៃរដ្ឋធានីនេះគឺមានការលិចទឹកយ៉ាងខ្លាំង ដោយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានបង្ហាញពីទឹកជំនន់គ្របដណ្តប់លើផ្លូវសំខាន់ៗ និងផ្លូវតូចៗនៅទូទាំងរដ្ឋធានីម៉ានីលតែម្តង។ ខណៈមនុស្សជាច្រើនបានកាន់ឆ័ត្រ ដើរកាត់ផ្លូវលិចទឹក ព្រោះមិនអាចធ្វើដំណើរដោយរថយន្តបានឡើយ។ 
នេះបើតាមរបាយការណ៍ក៏បានឱ្យដឹងដែរថា ទន្លេ និងព្រែកជាច្រើនត្រូវបានបាក់ ដោយបង្ខំឱ្យអ្នករស់នៅជុំវិញនោះឡើងទៅលើជាន់ទីពីរ ឬឡើងលើដំបូលផ្ទះរបស់ពួកគេ។ អ្នកស្រី Jeanie Sandoval អភិបាលក្រុង Malabon ក្នុងទីក្រុង Metro Manila បាននិយាយថា ទឹកជំនន់បានលិចចូលទីក្រុងជាច្រើនក្នុងរដ្ឋធានីម៉ានីល។ អ្នកស្រីបានបន្តទៀតថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានបាត់បង់ជីវិតក្នុងនោះស្ត្រីមានផ្ទៃពោះ ១ នាក់ និងកុមារ ៣ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះនៅក្នុងប្រទេសហ្វីលីពីនកើនឡើងដល់ ១២ ករណី។
ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ក៏បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ ផ្តល់ជំនួយភ្លាមៗ ដល់អ្នកដែលរងផលប៉ះពាល់ទាំងអស់។ រដ្ឋាភិបាលហ្វីលីពីនក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នសម្រាប់តំបន់ទីប្រជុំជនដ៏ធំនៃរដ្ឋធានីម៉ានីលផងដែរ។ ការលិចលង់យ៉ាងទូលំទូលាយនៅក្នុងតំបន់ទីប្រជុំជនទីក្រុងម៉ានីលនេះ គឺជាការរំឮកដល់គ្រោះមហន្តរាយដ៏ធំមួយដែលបានកើតឡើងបន្ទាប់ពីព្យុះទីហ្វុង Ketsana ក្នុងខែកញ្ញា ឆ្នាំ ២០០៩ ដែលបានសម្លាប់មនុស្សចំនួន ៤៦៤ នាក់៕










