អ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់និងចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ជូវី លីន អតីតសិល្បករផលិតកម្មបារមីបានសម្តែងការខកចិត្តដោយបានបង្ហោះសំណេរមួយមិនបង្ហាញឈ្មោះថា រកលុយបាន២លានដុល្លារក្នុង១ឆ្នាំប៉ុន្តែលុយត្រឹមតែពីរបីរយមិនព្រមបង់ឱ្យលោក។ រឿងនេះបានធ្វើឱ្យមានការជជែកវែកញែកអ្នកខ្លះបានលើកឡើងថា សងលុយគេទៅកុំឱ្យអស់កិត្តិយសព្រោះតែលុយប៉ុននេះទាំងរកបានលុយទាំងលានដុល្លារ។
កាលពីថ្ងៃទី២១ កក្កដា តារាចម្រៀង ជូវី លីន បានបង្ហោះសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា «អ្នករកបាន ២ លានដុល្លារក្នុងមួយឆ្នាំ តែពីរបីរយអ្នកមិនបានបង់ឱ្យខ្ញុំ» ដោយតារាចម្រៀងរូបនេះបានដាក់ Hashtag ថា ខកចិត្ត។ ការបញ្ចេញអារម្មណ៍ខកចិត្តរបស់ ជូវី បានធ្វើឱ្យមានការពិភាក្សានៅលើប្រព័ន្ធអនឡាញមិនដឹងថាជាខាងណានោះទេដែលធ្វើទង្វើនេះដាក់ជូវី លីន បែបនេះ។ 
អ្នកលេងបណ្តាញសង្គមបានចែករំលែកខ្លឹមសាររបស់ ជូវី ដោយអ្នកខ្លះចង់ឱ្យលោកដាក់ចំៗតែម្តងទៅឱ្យដឹងសខ្មៅ ស្រួលតតាំងគ្នា ចំណែកអ្នកខ្លះក៏លើកឡើងថារកលុយបានដល់ទៅ២លានដុល្លារក្នុង១ឆ្នាំតែមកថោកត្រឹមតែទឹកប្រាក់ពីរបីរយ។ អ្នកគាំទ្របានជជែកពិភាក្សាគ្នាយ៉ាងខ្លាំងនិងចង់ដឹងដូចគ្នាតើជានរណាដែលអាចធ្វើបែបនេះទៅរួចមិនចង់ឱ្យប្រាក់គេ។
គួរបញ្ជាក់ថាលោក ជូវី លីន គឺជាអតីតសមាជិកក្រុមប៉ូឡារិចក្រោមការគ្រប់គ្រងផលិតបារមីដោយមានសមាជិកមួយរូបទៀតគឺ នរិទ្ធ។ ទោះយ៉ាងណាក្រុមនេះបានប្រកាសរំសាយនៅថ្ងៃទី១០ ខែឧសភា ដោយលោក ជូវី សម្រេចចិត្តធ្វើជាសិល្បករឯករាជ្យ។ មិនត្រឹមតែជាតារាចម្រៀង ជូវី គឺជាអ្នកថតវីដេអូចម្រៀងមួយរូប ជាក់ស្តែងបទរបស់ វណ្ណដា មួយចំនួនគឺជាស្នាដៃរបស់លោក។
ក្រោយចាកចេញពីផលិតកម្មបារមី ជូវី លីន បានបញ្ចេញបទថ្មីរបស់ខ្លួននៅលើបណ្តាញសង្គមផ្ទាល់ខ្លួននិងបានបញ្ចេញថ្វីដៃថតបទចម្រៀងឱ្យ តារារ៉េប Kingchi របស់ផលិតកម្ម CG ផងដែរ៕










