វាបានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពី ចំប៉ីខ្មៅ បានបង្ហោះសំណេរមួយថា «រៀនល្មមៗបានហើយ តំណែងខ្លះ តួនាទីខ្លះ មានគេកក់ហើយ សញ្ញាបត្រខ្លះ អត់ន័យទេមានលុយមានគ្រប់យ៉ាង»។ ការលើកឡើងរបស់ចំប៉ីខ្មៅត្រូវបានគេលើកឡើងថាជាទ្រឹស្តីចោលម្សៀតមិនយល់ស្របនូវសំណេរនេះឡើយ ខណៈផលិតករ ខាំ ភូរិ បានបញ្ចេញមតិដែរថា មានឱកាសរៀនបានខ្ពស់មិនចាំបាច់ប្រាថ្នាបុណ្យសក្តិនោះទេតែវាជាបំណិនជីវិត។ ទោះយ៉ាងណា ចំប៉ីខ្មៅ បានចេញវីដេអូបកស្រាយដែរថាសំណេររបស់ខ្លួនមិនបានបង្អាក់មិនឱ្យសិក្សានោះទេ ចំណេះវិជ្ជាគឺសំខាន់ប៉ុន្តែក៏កុំដាក់សំពាធខ្លួនឯងខំប្រឹងដាច់បាយដាច់ទឹក។
កាលពីពេលថ្មីៗនេះ ចំប៉ីខ្មៅ បានបង្ហោះសំណេរមួយក្នុងន័យថា «រៀនល្មមៗបានហើយ តំណែងខ្លះ តួនាទីខ្លះ មានគេកក់ហើយ សញ្ញាបត្រខ្លះ អត់ន័យទេមានលុយមានគ្រប់យ៉ាង»ដែលភ្ជាប់មកជាមួយភាសាអញ…។ ការលើកឡើងនេះបានក្លាយជាប្រធានបទគគុកនិងមានការជជែកវែកញែកយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមមានទាំងមតិស្របនិងមិនស្រប អ្នកខ្លះក៏បានលើកឡើងថាការលើកឡើងនេះប្រៀបដូចជាការបំបាក់ទឹកចិត្តទៅដល់សិស្ស និស្សិត ដោយទទួលស្គាល់ថាសង្គមរស់នៅពេលខ្លះមិនយុត្តិធម៌ពិតមែន ប៉ុន្តែត្រូវតែខំរៀនហើយរៀនឱ្យខ្លាំងបំផុតតាមដែលអាចធ្វើទៅបានតាមសមត្ថភាពនិងលទ្ធភាព។
ការលើកឡើងរបស់ ចំប៉ីខ្មៅ ក៏ជំរុញចិត្តឱ្យផលិតករជើងចាស់ល្បីឈ្មោះលោក ខាំ ភូរិ បានលើកឡើងថា «មានឱកាសរៀនបានខ្ពស់គឺហើយ រៀនខ្ពស់មិនចាំបាច់ប្រាថ្នាបុណ្យសក្តិអីនោះទេ តែវាជាបំណិនជីវិត ដែលជួយឱ្យមានការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះរស់នៅ និងគ្រប់គ្រងខ្លួនឯងដែលធ្វើឱ្យជីវិតល្អប្រសើរ ហើយអាចដើម្បីធានាបាននូវជោគជ័យក្នុងការដោះស្រាយបញ្ហាប្រចាំជីវិត»។
ដោយសារតែការលើកឡើងរបស់ខ្លួនមានអ្នកមួយចំនួនមិនយល់ពីអត្ថន័យដែលខ្លួនចង់សម្តៅ ចំប៉ីខ្មៅ បានចេញវីដេអូបស្រាយដែរ សំណេររបស់ខ្លួនដែលលើកឡើងថា «រៀនល្មមៗបានហើយ» គឺខ្លួនមិនមែនបង្អាក់អ្នកណាមិនឱ្យរៀននោះទេ ខ្លួននៅតែគាំទ្រលើការសិក្សាព្រោះវាមានសារៈសំខាន់ក្នុងរស់នៅនិងជារឿងចាំបាច់បំផុតទាំងប្រទេសកំពុងអភិវឌ្ឍន៍ក្តី និងអភិវឌ្ឍន៍។ ការសរសេររបស់ខ្លួនសម្តៅថាកុំខំប្រឹងរៀនខ្លាំងរហូតដល់អ្នកខ្លះរៀនដាច់បាយដាច់ទឹកមិនបានសម្រាក ប៉ះពាល់ទៅដល់ផ្លូវចិត្តដោយអ្នកខ្លះរៀនដាក់គោលដៅឆ្ងាយពេកពេលមិនបានទៅដល់ធ្វើឱ្យប៉ះពាល់អារម្មណ៍ ខំប្រឹងនៅក្នុងផ្លូវត្រូវកុំដាក់សំពាធខ្លួនឯង។
ចំប៉ីខ្មៅ បានបកស្រាយទៀតថា ទាក់ទងនឹងពាក្យ សញ្ញាបត្រខ្លះ ខ្លួនមិនបាននិយាយជារួមថាសញ្ញាបត្រទាំងអស់អត់ន័យនោះទេដោយបានប្រើពាក្យថា សញ្ញាបត្រខ្លះ ដោយពាក្យនេះចង់សម្តៅដោយបានលើកឧទាហរណ៍ពីមិត្តភក្តិរបស់ខ្លួនថា បានរៀនចប់ផ្នែកច្បាប់ប៉ុន្តែមិនបានបំពេញតួនាទីណាមួយឱ្យស្របនឹងការសិក្សារបស់ខ្លួនឡើយយកសញ្ញាបត្រទៅធ្វើ ផ្នែកផ្សេង។ ចំប៉ីខ្មៅ ថាសញ្ញាបត្រគឺពិតជាមានតម្លៃដែលអាចបញ្ជាក់ពីកម្រិតសិក្សារបស់យើងរៀនដល់កម្រិតណា ហើយបើការសិក្សាគ្មានន័យមិនមែនលោកអាចដូចបច្ចុប្បន្នអាចនិយាយពីនីតិវិធីច្បាប់ទាំងខ្លួនគឺជាអតីតទណ្ឌិត៕










