ជឿជាក់ថាអ្នកតាមដានអ្នកនាង ឱក សុគន្ធកញ្ញា ជ្រាបមកហើយថាតារាចម្រៀងរូបនេះកម្រនឹងស្រក់ទឹកភ្នែកនៅមុខកាមេរ៉ាណាស់ ប៉ុន្តែបេក្ខនារី អ៊ុក សូលីតា ជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមមើលថែកូនស្រីពីរនាក់ និងម្តាយចាស់តែម្នាក់ឯងធ្វើឱ្យអ្នកនាង ឱក សុគន្ធកញ្ញា ស្រក់ទឹកភ្នែកម៉ាត់ៗព្រោះយល់ពីអារម្មណក្នុងភាពជាម្តាយដូចគ្នា។ មិនត្រឹមតែគណៈកម្មការឱក សុគន្ធកញ្ញា ប៉ុណ្ណោះទេដែលអាណិតទៅដល់បេក្ខនារីរូបនេះគណៈកម្មការផ្សេងទៀត និងទស្សនិកជាច្រើនក៏រំជួលចិត្តដូចគ្នា។
កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ បានចាប់ផ្តើមសប្តាហ៍ដំបូងរបស់ខ្លួនហើយក្នុងវគ្គ « Judge Audition » ដោយមានបេក្ខជន បេក្ខនារីជាច្រើនរូបត្រលប់ទៅផ្ទះវិញទាំងជោគជ័យនិងមិនជោគជ័យ។ សប្តាហ៍ទី១នេះ បេក្ខនារី អ៊ុក សូលីតា វ័យ៣៣ឆ្នាំជាអ្នកខេត្តបាត់ដំបង បច្ចុប្បន្នធ្វើជាអ្នកចម្រៀងនៅលើទូកទេសចរណ៍ក្នុងរាជធានីភ្នំពេញបានធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង សូម្បីតែគណៈកម្មការ ឱក សុគន្ធកញ្ញា ដែលកម្រនឹងបង្ហាញទឹកភ្នែកនៅមុខកាមេរ៉ា ក៏ទប់ទឹកភ្នែកមិនជាប់អួលដើមកស្រក់ទឹកភ្នែកម៉ាត់ចំពោះបេក្ខភាពម្នាក់នេះ។
ជីវិតបែកបាក់គ្រួសារ បេក្ខនារី សូលីតា ត្រូវរ៉ាប់រងចិញ្ចឹមមើលថែកូនស្រីពីរនាក់តែម្នាក់ឯង កូនច្បងអាយុ១០ឆ្នាំនិងកូនស្រីម្នាក់ទៀតអាយុ៨ឆ្នាំ ត្រូវរស់នៅបន្ទប់ជួលមើលថែគ្នា ពេលម្តាយចេញទៅធ្វើការរកលុយចិញ្ចឹមជីវិត។ ការទុកឱ្យកូនស្រីនៅបន្ទប់តែពីរនាក់ សូលីតា ថាគឺជាភាពចាំបាច់បើមិនរកគឺមិនមានចំណូលចិញ្ចឹមកូននិងម្តាយចាស់នៅខេត្ត។.png)
គណៈកម្មការ ឱក សុគន្ធកញ្ញា បាននិយាយថាពេលខ្លះខ្លួនអ្នកនាងរាល់ថ្ងៃចង់កាត់ចិត្តពីការងារប៉ុន្តែតួនាទីពេលខ្លះធ្វើមិនបាន។ និយាយដោយអួលដើមក ឱក សុគន្ធកញ្ញា និយាយថាសម្រាប់ សូនីតា គឺដោយសារតែជីវភាពហើយនេះជាកត្តាធ្ងន់ធ្ងរប៉ុន្តែអាចបង្រៀនកូនឱ្យរឹងមាំតាំងពីតូច។ កំពូលតារាចម្រៀងរូបនេះ បានលើកឡើងទៀតថា អ្នកម្តាយគឺបែបនេះទៅណាគឺត្រូវវេចកូនទៅតាមបន្ទាប់ពីបេក្ខនារីនិយាយថាមកប្រកួតគឺបានយកកូនទាំងពីរមកដែរដោយបង្ហាញអារម្មណ៍យល់ចិត្តទៅដល់បេក្ខនារីរូបនេះ។
បេក្ខនារី អ៊ុក សូលីតា បានជ្រើសបទ «សុបិនឃើញបង» មកប្រកួតក្នុងវគ្គនេះដែលហាក់រៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនគួបផ្សំនឹងសំឡេងដ៏មានទឹកដមទៀតកាន់តែធ្វើឱ្យអ្នកស្តាប់រួមទាំងគណៈកម្មការរំជួលចិត្តតាម។ នៅពេលកូនៗទាំងពីររបស់បេក្ខនារីរូបនេះរត់ឱបម្តាយខ្លួនទាំងទឹកភ្នែកធ្វើឱ្យមានការរំជួលចិត្តជាខ្លាំង។ ជាលទ្ធផលនៅក្នុងការប្រកួត បេក្ខនារី អ៊ុក សូលីតា អាចបន្តទៅកាន់វគ្គបន្តទៀតបាន៕










