កូរ៉េខាងជើង៖ រមណីយដ្ឋាន Wonsan-Kalma Beach Resort នឹងបើកជាផ្លូវការនៅខែឧសភា ឆ្នាំ ២០២៥ ដែលត្រូវបានចាត់ទុកថាជារមណីយដ្ឋាន “ធំបំផុត និងល្អបំផុត” របស់ប្រទេសកូរ៉េខាងជើង។
យោងតាម Business Insider រមណីយដ្ឋាននេះដំបូងឡើយគ្រោងនឹងបើកនៅឆ្នាំ ២០១៨ មកម្លេះ ប៉ុន្តែដោយសារខ្វះសម្ភារៈសំណង់ ផលប៉ះពាល់សេដ្ឋកិច្ច និង Covid-19 ទើបគម្រោងត្រូវជាប់គាំងជាច្រើនដង។ ទោះជាយ៉ាងណាក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋាន Wonsan-Kalma Beach Resort ពាក់កណ្តាលសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក៏បានប្រកាសថា រមណីយដ្ឋាននេះនឹងបើកដំណើរការជាផ្លូវការតែម្តង នៅខែឧសភា ឆ្នាំ ២០២៥ ដែលត្រៀមសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ។
រមណីយដ្ឋាន Wonsan-Kalma Beach Resort មានទំហំ ២៤៥ ហិចតា មានឆ្នេរមួយដែលមានទឹកពណ៌ខៀវថ្លា និងខ្សាច់ពណ៌សក្បោះ ជាមួយនឹងអគារប្រណីតៗរាប់រយ និងបន្ទប់សណ្ឋាគាររាប់ពាន់។ Wonsan-Kalma ស្ថិតនៅចំកណ្តាលអាកាសយានដ្ឋានថ្មីនៅឆ្នេរសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងជើង។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នេះជាលើកទីមួយហើយដែលលោក គីម ជុងអ៊ុន បានវិលត្រឡប់មកកាន់ទីតាំងនេះវិញក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានប្រកាសថា ការសាងសង់បានចូលដល់ដំណាក់កាលចុងក្រោយហើយ។ 
ដូច្នេះកន្លែងនេះនឹងក្លាយជា “តំបន់ឆ្នេរដ៏អស្ចារ្យ និងជារមណីយដ្ឋានដ៏ធំ និងល្អបំផុតរបស់កូរ៉េខាងជើង”។ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពកម្សាន្ត រួមទាំងសួនកម្សាន្ត ដើម្បីផ្តល់នូវបទពិសោធន៍ទេសចរណ៍ដ៏ទូលំទូលាយ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងកាកសំណល់ក៏ត្រូវបានចាត់ទុកថាជាអាទិភាពកំពូលផងដែរ។ អ្នកទេសចររុស្ស៊ីមួយចំនួនត្រូវបានគេនិយាយថានឹងមកលេងរមណីយដ្ឋាននេះ ទោះបីជាប្រទេសកូរ៉េខាងជើងមិនទាន់បានបើកទ្វារទទួលភ្ញៀវអន្តរជាតិភ្លាមៗក៏ដោយ។ 
ជាមួយនឹងការលើកកម្ពស់វិស័យទេសចរណ៍ រមណីយដ្ឋាន Wonsan-Kalma Beach Resort ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចស្នូលនៃឧស្សាហកម្មទេសចរណ៍ ដោយកូរ៉េខាងជើងក៏បានលើកឡើងពីផែនការដើម្បីស្តារវិស័យទេសចរណ៍នៅក្នុងតំបន់ភ្នំ Kumgang, Mount Chilbo, Majon, Kumya, Riwon និង Yombunjin ផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៩ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៣០០,០០០ នាក់ ជាមួយនឹងប្រាក់ចំណូលពីទេសចរណ៍ចាប់ពី ៩០ ទៅ ១៥០ លានដុល្លារអាមេរិក៕










