មុនពេលយកបន្លែ និងផ្លែឈើទៅចម្អិនជាអាហារ ឬបរិភោគ យើងគួរតែលាងសម្អាតវាជាមុនសិន ដើម្បីការពារសុខភាពរាងកាយ ក៏ដូចជាជួយកាត់បន្ថយភាពកខ្វក់ និងជាតិពុលនៅលើបន្លែ និងផ្លែឈើទាំងនេះ ។ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកពីការលាងបន្លែផ្លែឈើឱ្យស្អាតតាមវិធីងាយៗ និងអាចកាត់បន្ថយជាតិពុលយ៉ាងមានប្រសិទ្ធភាព ។
វិធីលាងសម្អាតជាតិពុលលើបន្លែ និងផ្លែឈើ មានដូចខាងក្រោមនេះ ៖
១-លាងបន្លែ ផ្លែឈើ និងចិតសំបកចេញ ៖ យើងត្រូវលាងសម្អាតបន្លែ ផ្លែឈើឱ្យស្អាត រួចហើយ ចិតសំបកវាចេញ ដូចជា ៖ ស្ពៃក្តោប, ស្ពៃបូកគោ និងស្ពៃក្រញាញ់ ។ ការចិតសំបកបន្លែ និងផ្លែឈើចេញ វានឹងជួយកាត់បន្ថយបរិមាណជាតិពុលបាន ។ បន្ទាប់មក យកវាទៅត្រាំក្នុងទឹក ពី៥នាទី ទៅ១០នាទី និងលាងទឹកស្អាតម្តងទៀត ។ វិធីនេះអាចកាត់បន្ថយបរិមាណជាតិពុលក្នុងបន្លែ ពី២៧% ទៅ៧០% ។
២-ប្រើប្រាស់ទឹកខ្មេះ ៖ យកទឹកខ្មេះមកលាយជាមួយទឹកធម្មតា ស្មើនឹងកំហាប់០,៥% ។ ការលាយបញ្ចូលគ្នានេះ គឺទឹកខ្មេះ១ដប ត្រូវលាយជាមួយទឹកចំនួន៤លីត្រ បន្ទាប់មក យកបន្លែមកត្រាំក្នុងទឹកនេះ ពី១០នាទី ទៅ១៥នាទី ។ វិធីនេះនឹងអាចកាត់បន្ថយបរិមាណជាតិពុលក្នុងបន្លែ រហូតដល់៦០% ទៅ៨៤% ឯណោះ ។
៣-ម្សៅ Baking Soda ៖ យើងអាចយកម្សៅ Baking Soda (ឬ Sodium bicarbonate) ចំនួនកន្លះស្លាបព្រាបាយ មកលាយជាមួយទឹក១០លីត្រ ។ បន្ទាប់មក យកបន្លែ ឬផ្លែឈើ មកត្រាំក្នុងទឹកនេះរយៈពេលប្រមាណ១៥នាទី រួចហើយយកបន្លែ ឬផ្លែឈើមកលាងសម្អាតដោយទឹកស្អាតម្តងទៀត ។ វិធីនេះនឹងជួយកាត់បន្ថយបរិមាណជាតិពុលក្នុងបន្លែ ពី៩០% ទៅ៩៥% ។
៤-ទឹកកំបោរ ៖ ទឹកកំបោរ អាចជួយកម្ចាត់សារធាតុពុលលើបន្លែ និងផ្លែឈើ ដោយសារការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត ។ ជំហានដំបូង គឺយកបន្លែ និងផ្លែឈើមកត្រាំទឹកកំបោរ ពី១០នាទី ទៅ១៥នាទី ហើយយកវាមកលាងទឹកស្អាត ។ វិធីនេះនឹងអាចកាត់បន្ថយបរិមាណជាតិពុលលើបន្លែ ពី៣៤% ទៅ៥២% ។
៥-ប្រើប្រាស់ទឹកថ្នាំឈ្មោះ Potassium Permanganate ៖ ថ្នាំប្រភេទនេះអាចសម្លាប់មេរោគនៅលើបន្លែ និងផ្លែឈើបានយ៉ាងល្អ ហើយវាអាចសម្អាតជាតិលោហៈជាប់លើបន្លែទៀតផង ។ យើងអាចយកទឹកថ្នាំ Potassium Permanganate បន្តិចមកលាយជាមួយទឹក៤លីត្រ រួចហើយ យកបន្លែមកត្រាំទឹកនេះប្រមាណ១០នាទី ។ ក្រោយមក លាងបន្លែដោយទឹកស្អាតម្តងទៀត វានឹងជួយកាត់បន្ថយបរិមាណជាតិពុលលើបន្លែ ពី៣៥% ទៅ៤៣% ៕










