ក្រោយពីឃើញមានការបង្ហោះ និងចែករំលែកជាច្រើននៅលើបណ្តាញសង្គម ជុំវិញសកម្មភាពមិនសមរម្យរបស់សិស្សសាលាមួយចំនួន នាំគ្នាគូសអក្សរលើអាវ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជា ដោយឱ្យអធិការខណ្ឌទាំង១៤ ចុះអប់រំសិស្សដល់ក្នុងសាលា និងស្នើឱ្យបញ្ឈប់ការគូសអក្សរលើអាវជាបន្ទាន់។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា៖” ការធ្វើបែបនេះហើយបង្ហោះរូបភាព និងវីដេអូពេញបណ្ដាញសង្គម ជារឿងមិនសមរម្យនោះឡើយ ដូច្នេះហើយលោកបានបញ្ជាឱ្យអធិការខណ្ឌ ចូលរួមសហការជាមួយអភិបាលចុះ ដើម្បីបន្ដចុះអប់រំណែនាំសិស្សានុសិស្សទាំងអស់នៅតាមសាលារៀន បញ្ឈប់ការបង្ហោះលេងបែបនេះ”។
គួរបញ្ជាក់ថា ការគូសអក្សរលើអាវនេះ គេប្រទះឃើញមានប្រមាណជា១៥ឆ្នាំចុងក្រោយនេះ ដោយសិស្សទី១២ តែងតែនាំគ្នាធ្វើបែបនេះ ដើម្បីទុកជាអនុស្សាវរីយ៍ ក្រោយពួកគេប្រឡងបាក់ឌុប៕










