យោងមានប្រភពសារព័ត៌មាន The Korea Time ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤នេះបានឲ្យដឹងថា បច្ចុប្បន្ននេះនៅឯប្រទេសកូរ៉េខាងត្បូង ការដំឡើងប្រាក់ឈ្នួលអប្បបរមាកំពុងដាក់សម្ពាធកាន់តែខ្លាំងលើម្ចាស់អាជីវកម្មខ្នាតតូច ដែលបណ្តាលឲ្យពិបាកក្នុងការជួលកម្មករកាន់តែខ្លាំងឡើង រហូតដល់ប្រកាសក្ស័យធន ហើយកន្លែងខ្លះបានខកខានក្នុងការបើកប្រាក់ឈ្នួលដល់កម្មករផងដែរ។ 
យោងតាមសហព័ន្ធសហគ្រាសកូរ៉េ (KEF) បានបង្ហាញថា គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ មានការប្រកាសក្ស័យធនរហូតដល់ចំនួន ៨១០ ក្នុងចំណោមអាជីវកម្មខ្នាតតូចដូចជា ផ្នែកភោជនីយដ្ឋាន និងកន្លែងស្នាក់នៅតូចៗជាដើម។ យ៉ាងណាមិញ ការប្រកាសក្ស័យធននៅក្នុងឆ្នាំនេះ គឺបានកើនឡើងយ៉ាងខ្លាំង ប្រមាណ ៣៦.៨ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែជាប្រធានបទដ៏ក្តៅគគុករយៈពេលប៉ុន្មានសតវត្សកន្លងមកនេះ ព្រោះថាវាផ្តល់ទាំងគុណសម្បត្តិនិងគុណវិបត្តិ។ ការតម្លើងប្រាក់ឈ្នួលអប្បបរមា មានន័យថាជាការតម្លើងប្រាក់ខែដល់កម្មករដែលមានប្រាក់ឈ្នួលទាបទូទាំងប្រទេស ដើម្បីផ្តល់ឲ្យពួកគេនូវកម្រិតជីវភាពកាន់តែប្រសើរឡើង ក៏ដូចជាជួយកាត់បន្ថយភាពក្រីក្រ។
ប៉ុន្តែស្របពេលដែលតម្លើងប្រាក់ឈ្មួលអប្បបរមានេះ វានឹងជះឥទ្ធិពលអវិជ្ជមានទៅកាន់ម្ចាស់អាជីវកម្មខ្នាតតូច ដូចជាកាត់បន្ថយការងាររបស់បុគ្គលិកឬក៏បញ្ឈប់បុគ្គលិកតែម្តងព្រោះតែមិនអាចទ្រាំទ្រនឹងការចំណាយផ្សេងៗ។ ការតម្លើងប្រាក់ឈ្មួលអប្បបរមា អាចនឹងធ្វើឲ្យមានការកើនឡើងតម្លៃសម្រាប់អ្នកប្រើប្រាស់ ព្រោះថាអាជីវកម្មខ្នាតតូចអាចនឹងត្រូវដំឡើងថ្លៃទំនិញ និងសេវាកម្ម ដើម្បីរ៉ាប់រងតម្លៃពលកម្មកាន់តែខ្ពស់ ដែលអាចនាំឱ្យអតិផរណាទូទាំងប្រទេស។
ជាថ្នូរត្រឡប់មកវិញ កម្មករឬពលករដែលមានប្រាក់ចំណូលទាបទាំងនោះ គឺងាយប្រឈមមុខនឹងការបាត់បង់ការងារធ្វើ ព្រោះតែការកាត់បន្ថយកម្លាំងពលកម្មពីអាជីវកម្មខ្នាតតូចនានាផងដែរ។ ដូច្នេះហើយ ការស្វែងរកតុល្យភាពរវាងការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការគាំទ្រដល់អាជីវកម្មខ្នាតតូច គឺជាបញ្ហាស្មុគស្មាញដែលទាមទារឱ្យមានការពិចារណាដោយប្រុងប្រយ័ត្ន និងសហការគ្នារវាងភាគីពាក់ព័ន្ធផងដែរ៕










