មហារីកគ្រាប់ឈាម ឬហៅថាឈាមសស៊ីឈាមក្រហម គឺជាជំងឺដ៏កាចសាហាវមួយដែលពិបាកក្នុងការព្យាបាលណាស់ ប្រសិនបើកើតមានហើយនោះ។ ជំងឺនេះភាគច្រើនកើតឡើងដោយសារបរិស្ថាននៃការរស់នៅ ការស្រូបយកសារធាតុពុលផ្សេងៗដូចជា សារធាតុគីមីពុលដែលមាននៅក្នុងថ្នាំលាបផ្ទះ ឧស្សាហកម្ម និងកាំរស្មីជាដើម។ លើសពីនេះវាក៏អាចកើតឡើងពីកំណើតផងដែរ ដោយសារនៅពេលបង្កកំណើតមានហ្សែនមួយប្រភេទជាក្រូម៉ូស្យូមមិនល្អ ប៉ុន្តែជំងឺនេះមិនមែនជាជំងឺតំណពូជ ឬសួពូជអ្វីនោះឡើយ។ 
ទោះជាយ៉ាងណាប្រសិនបើអ្នកមានអាការៈខុសប្រក្រតីដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកអាចនឹងមានជំងឺមហារីគ្រាប់ឈាមហើយ៖
១.រោគសញ្ញាគ្រោះថ្នាក់ដំបូងគឺ បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ស្លេកស្លាំង និងងាយអស់កម្លាំង ហើយស្បែកមានលក្ខណៈជាំខុសពីធម្មតា។
២.ហូរឈាមយ៉ាងងាយ ដោយសារតែជំងឺមហារីកគ្រាប់ឈាមមានប្លាកែតទាប។ ជាលទ្ធផល វាធ្វើឱ្យឈាមហូរចេញយ៉ាងងាយ ដូចជាចេញពីអញ្ចាញធ្មេញ ឬមានរដូវច្រើនខុសធម្មតា។
៣.មានកូនកណ្តុរជាច្រើននៅលើជើង ក្រលៀន ឬកជាដើម ដោយសារកោសិកាឈាមសស្ទះសរីរាង្គផ្សេងៗ ឬកកកុញហួសប្រមាណ។ 
៤.មានកោសិកាឈាមសច្រើន ប៉ុន្តែវាមិនដំណើរការល្អដូចពីមុនទេ មានន័យថា កោសិកាឈាមសគឺមានតួនាទីទទួលខុសត្រូវ និងប្រយុទ្ធប្រឆាំងជាមួយមេរោគ ប៉ុន្តែពេលវាកើតឡើងច្រើនទៅៗ វាមិនអាចប្រឆាំងនឹងមេរោគបានទេ ដែលនេះជាហេតុធ្វើឱ្យវាងាយនឹងឆ្លងមេរោគ ដែលបណ្តាលឱ្យអ្នកក្តៅខ្លួនខ្លាំងខុសធម្មតា។ ដូច្នេះប្រសិនបើអ្នកមានសញ្ញាគ្រោះថ្នាក់ទាំងនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីពិគ្រោះ និងព្យាបាលជំងឺនេះឱ្យទាន់ពេលវេលា៕










