ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរបានប្រទះឃើញសាកស.ព ភ្ញៀវទេសចរចំនួន៤នាក់ ក្រោយពីប្រទេសជប៉ុនអនុញ្ញាតឱ្យពលរដ្ឋ និងភ្ញៀវទេសចរបរទេសមកកម្សាន្តនៅលើភ្នំហ្វូជិ (Fuji) ត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ ។ សមត្ថកិច្ចសន្និដ្ឋានថា សាកស.ព ភាគច្រើន គឺបានឡើងលើភ្នំតែម្នាក់ឯង ។
វាជាព័ត៌មានគួរឱ្យរន្ធត់មួយសម្រាប់ភ្ញៀវទេសចរ ដែលមានគម្រោងទៅកម្សាន្តនៅប្រទេសជប៉ុន នៅឆ្នាំ២០២៤ ។ អាជ្ញាធរខេត្តស៊ីហ្ស៊ូអូកា បានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងទៅលើភ្នំហ្វូជិ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ហើយមានភ្ញៀវទេសចរ និងអ្នកឡើងភ្នំជាច្រើននាក់ចាប់អារម្មណ៍ឡើងភ្នំនេះ ។
នារសៀលថ្ងៃទី១៤ ខែកក្កដា កន្លងមក អាជ្ញាធរបានប្រទះឃើញបុរសម្នាក់អាយុ៦០ឆ្នាំ ដួលក្នុងអំឡុងពេលឡើងលើភ្នំហ្វូជិ ប៉ុន្តែបន្ទាប់មក អាជ្ញាធរបញ្ជាក់ថា បុរសរូបនេះស្លាប់ហើយក្នុងពេលឡើងភ្នំម្នាក់ឯង ។ លោកជាមនុស្សទី៤ ដែលបានស្លាប់ពេលឡើងភ្នំហ្វូជិ ខណៈមុននេះ មានភ្ញៀវទេសចរចំនួន៣នាក់ បានស្លាប់ដោយសារឡើងភ្នំ ។
កាលពីថ្ងៃទី១០ ខែកក្កដា គេបានឃើញសាកសពបុរសម្នាក់អាយុប្រមាណ៧០ឆ្នាំ នៅក្បែរតំបន់ខ្ពស់បំផុតរបស់ភ្នំហ្វូជិ ហើយសមត្ថកិច្ចសន្និដ្ឋានថា រាងកាយសាកសពបានធ្លាក់ពីកម្ពស់៥ម៉ែត្រ ។ នៅថ្ងៃដដែល ក៏មានសាកសពបុរសម្នាក់ទៀតនៅលើផ្លូវ Gotemba មានអាយុ៧៧ឆ្នាំ ដែលមានអាសយដ្ឋាននៅទីក្រុងតូក្យូ ។ រីឯសាកសាកភ្ញៀវទេសចរម្នាក់ទៀត អាជ្ញាធរពុំបានបញ្ជាក់អត្តសញ្ញាណទេ ។
សមត្ថកិច្ចប្រចាំខេត្តស៊ីហ្ស៊ូអូកា និយាយថា កត្តាអាកាសធាតុជាមូលហេតុសំខាន់បណ្តាលឱ្យភ្ញៀវទេសចរស្លាប់ជាបន្តបន្ទាប់ ពីព្រោះអាកាសធាតុនៅលើភ្នំហ្វូជិ បានផ្លាស់ប្តូរគ្រប់ពេលវេលា ។ នៅខែកក្កដា ឆ្នាំ២០២៤ ប្រទេសជប៉ុនប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយសមត្ថកិច្ចបានសំណូមពរឱ្យពលរដ្ឋផ្អាកការឡើងភ្នំជាបណ្តោះអាសន្ន ពីព្រោះការឡើងភ្នំត្រូវចំណាយកម្លាំងច្រើន ។
កាលពីសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៤ សីតុណ្ហភាពពេលថ្ងៃនៅលើភ្នំហ្វូជិ ស្មើនឹង៣៣.៦អង្សារសេ ព្រមទាំងមានភ្លៀងធ្លាក់ និងរន្ទះបាញ់ផងដែរ ។ ហេតុនេះ ភ្ញៀវទេសចរពុំគួរចំណាយកម្លាំងឡើងភ្នំខ្ពស់ទេ ដោយសារអាកាសធាតុពុំអំណោយផល ហើយសីតុណ្ហភាពកាន់តែធ្លាក់ចុះ ពេលឡើងជិតដល់កំពូលភ្នំហ្វូជិ ។
សមត្ថកិច្ចបានស្នើឱ្យភ្ញៀវទេសចរពិចារណាពីកត្តាផ្សេងៗឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជា ៖ អាកាសធាតុ, សុខភាពរាងកាយ និងសមត្ថភាពដើរក្នុងព្រៃ មុនពេលព្យាយាមឡើងភ្នំ ហើយសូមឱ្យភ្ញៀវទេសចរចាំថា អាកាសធាតុអាចផ្លាស់ប្តូរជានិច្ច ។ ម្យ៉ាងទៀត អ្នកឡើងភ្នំគួរតែធ្វើដំណើរជាមួយមិត្តភក្តិ សម្រាប់ករណីកើតហេតុបន្ទាន់ នឹងអាចជួយគ្នាទាន់ពេលវេលា ៕










