ប្រទេសវៀតណាម ៖ តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វី «ង្វៀន/Nguyen» បានក្លាយជានាមត្រកូលដែលពលរដ្ឋវៀតណាមប្រើប្រាស់ច្រើនបំផុត? នៅប្រទេសវៀតណាម ទោះជាយើងដើរទៅកន្លែងណា ក៏ជួបតែពលរដ្ឋវៀតណាមមាននាមត្រកូល «ង្វៀន» ដូចៗគ្នា ។ តើនាមត្រកូលនេះមានប្រភពមកពីណា?
ង្វៀន គឺជានាមត្រកូលដែលពលរដ្ឋវៀតណាមប្រើប្រាស់ច្រើនបំផុត គឺស្មើជាង៤០% នៃចំនួនពលរដ្ឋវៀតណាមសរុប ។ បើយើងឈរនៅចំណុចផ្លូវបំបែកជា៤ នៅប្រទេសវៀតណាម ហើយស្រែកថា «ង្វៀន!» ពេលនោះ ពលរដ្ឋវៀតណាមនៅលើផ្លូវបំបែកជា៤ ទាំងអស់នឹងងាកមើលមុខយើងគ្រប់ៗគ្នា ។
លើសពីនេះ នៅសហរដ្ឋអាមេរិក ក៏មានពលរដ្ឋវៀតណាមប្រើប្រាស់នាមត្រកូល «ង្វៀន» ផងដែរ គឺស្មើនឹង១លាន៨សែននាក់ ។ បើសរុបរួមគ្នានៅទូទាំងពិភពលោក គឺពលរដ្ឋវៀតណាមបានប្រើប្រាស់នាមត្រកូល «ង្វៀន» រហូតដល់៤០លាននាក់ ។
អ្នកជំនាញសន្និដ្ឋានថា កាលពីប្រមាណ១.៥០០ឆ្នាំមុន ជនជាតិចិនរស់នៅភាគខាងត្បូងបានចាប់ផ្តើមជម្លៀសមករស់នៅប្រទេសវៀតណាម ហើយជនជាតិចិនទាំងនេះប្រើប្រាស់នាមត្រកូល «ស៊ែហ្លួន» ហើយភាសាវៀតណាមអានថា «ង្វៀន» ។ ហេតុនេះ នាមត្រកូល «ង្វៀន» ត្រូវបានប្រើប្រាស់នៅវៀតណាមតាំងពីពេលនោះមក ប៉ុន្តែពុំមានចំនួនច្រើនទេ ។
ក្រៅពីនេះ ប្រទេសវៀតណាមត្រូវបានគ្រប់គ្រងដោយរបបរាជវង្ស ហើយពលរដ្ឋនឹងប្រើប្រាស់នាមត្រកូលតាមឈ្មោះរាជវង្សនាសម័យនោះ ។ នៅពេលរាជវង្សថ្មីចូលមកគ្រប់គ្រងប្រទេសជំនួសរាជវង្សចាស់ អាជ្ញាធរនឹងបង្ខំឱ្យពលរដ្ឋផ្លាស់ប្តូរនាមត្រកូល ដើម្បីកុំឱ្យពាក់ព័ន្ធនឹងរាជវង្សចាស់ ។ ហេតុនេះ វាធ្វើឱ្យពលរដ្ឋវៀតណាមដែលប្រើប្រាស់នាមត្រកូលផ្សេងៗគ្នា ត្រូវបង្ខំឱ្យប្រើប្រាស់នាមត្រកូល «ង្វៀន» កាន់តែច្រើនឡើង ។
រហូតដល់សតវត្សរ៍ទី១៩ រាជវង្សង្វៀន គឺជារាជវង្សចុងក្រោយ ដែលគ្រប់គ្រងប្រទេសវៀតណាម ។ រាជវង្សនេះបានគ្រប់គ្រងវៀតណាម តាំងពីឆ្នាំ១៨០២ ដល់ឆ្នាំ១៩៤៥ ហើយមានពលរដ្ឋវៀតណាមជាច្រើនឈប់ប្រើប្រាស់នាមត្រកូល «ង្វៀន» ដើម្បីបង្ហាញការស្រឡាញ់ស្មោះភក្តីដល់រាជវង្ស ។
ដោយឡែក ពេលជនជាតិបារាំងចូលមកគ្រប់គ្រងប្រទេសវៀតណាម និងព្យាយាមស្ទង់មតិពលរដ្ឋឃើញថា ពលរដ្ឋវៀតណាមភាគច្រើនមានជីវភាពក្រីក្រ និងជាកសិករ ហើយពួកគេពុំទាន់មាននាមត្រកូលទេ ។ កាលពីមុន មានតែពលរដ្ឋវៀតណាមមានជីវភាពធូរធា ឬឋានៈខ្ពង់ខ្អស់តែប៉ុណ្ណោះដែលមាននាមត្រកូលប្រើប្រាស់ ខណៈពលរដ្ឋធម្មតាគ្មាននាមត្រកូលទេ គឺមានតែឈ្មោះប៉ុណ្ណោះ ។
ហេតុនេះ អាជ្ញាធរបារាំងក៏បានយកនាមត្រកូល «ង្វៀន» មកឱ្យពលរដ្ឋវៀតណាមប្រើប្រាស់នាពេលនោះ ទើបយើងឃើញពលរដ្ឋវៀតណាមស្ទើរតែពាក់កណ្តាលប្រទេស ប្រើប្រាស់នាមត្រកូល «ង្វៀន» ដូចៗគ្នា រហូតមកដល់បច្ចុប្បន្ន ៕










