ភ្នំសំកុស ឬគេចំណាំហៅថា ភ្នំខ្មោច ជាភ្នំដែលខ្ពស់ជាងគេទី២នៅកម្ពុជា ដោយមានកម្ពស់ ១៧១៧ម៉ែត្រ ស្ថិតនៅជួរភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។
ភ្នំនេះស្ថិតនៅជួរភ្នំក្រវ៉ាញកណ្ដាលនិងក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំសំកុស ហើយមានភូមិសាស្ត្រស្ថិតនៅក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានចម្ងាយប្រហែល៣២០គីឡូម៉ែត្រ ពីភ្នំពេញ។
ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅលើភ្នំនេះ ត្រូវធ្វើដំណើរប្រមាណ ១៣គីឡូម៉ែត្រ ពីរង្វង់ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមផ្លូវកៅស៊ូឆ្ពោះទៅកាន់តំបន់អូរសោម រួចត្រូវចូលទៅសហគមន៍ភ្នំសំកុស ដើម្បីឱ្យបងប្អូនប្រជាការពារ ជូនដំណើរឡើងភ្នំ។
ការឡើងភ្នំនេះមានការលំបាក ដោយមានចំណោតច្រើន រអិល សម្បូរសត្វល្អិត និងនៅខែប្រាំងខ្វះប្រភពទឹកថែមទៀត។
ដើម្បឺធ្វើដំណើរទៅដល់កំពូលភ្នំសំកុស ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយ ម៉ូតុឌុបរបស់បងប្អូនសហគមន៍ប្រមាណជា១១គីឡូម៉ែត្រ បន្ទាប់ត្រូវដើរ៥០០ម៉ែត្រ ទៀតដើម្បីទៅដល់ជុំរុំទីមួយ។
ពីជុំរុំទី១ទៅកំពូលមានចម្ងាយផ្លូវ៦គីឡូម៉ែត្រ ដោយត្រូវប្រើពេលពី៣កន្លះទៅ៤ម៉ោង អាស្រ័យតាមល្បឿននៃការដើររបស់អ្នក។
ពេលឡើងទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងឃើញនូវធម្មជាតិដ៏ស្រស់បំព្រងជាមួយនឹងការចុះអព្វ បង្កើតបានជាផ្ទាំងទស្សនីយភាពគួរឱ្យទាក់ទាញ មិនចាញ់ខ្នងផ្សារ ឬខ្នងវាល។
គួរបញ្ជាក់ផងដែរថា ក្រៅពីជាភ្នំខ្ពស់ជាងគេទី២ហើយនោះ ភ្នំនេះក៏ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាដែនជម្រកសត្វព្រៃស្ថិតក្នុង៣ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង៕










