ថ្មីៗនេះ យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គមដោយគេហទំព័រមួយដែលមានឈ្មោះថា ChivaPage – ជីវ៉ាផេក បានភ្ជាប់មកជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញពីសមិទ្ធផលថ្មីមួយក្នុងខេត្តព្រៃវែង កំពុងតែស្ថាបនាឡើង ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភពដដែលបានគូសបញ្ជាក់ថា «កម្រមានណាស់វត្តដែលកសាងប្រាសាទអស្ចារ្យបែបនេះ!នេះជាប្រាសាទរយពាន់ ដែលកំពុងតែសាងសង់ ស្ថិតនៅក្នុងវត្តគោកសំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប្រាសាទមួយកន្លែងនេះ គឺក្រោមគំនិតផ្តួចផ្តើមរបស់ព្រះគុណម្ចាស់ Lon Song ជាចៅអធិការវត្តថ្នល់ជ័យ ដែលបានដឹកនាំពុទ្ធបរិស័ទមកធ្វើបុណ្យ នៅវត្តគោកសំពៅនេះ»។
ដោយសង្កេតឃើញថា ប្រាសាទនេះមានផ្ទៃរាងជាការ៉េបួនជ្រុងស្មើ ដែលមានកំពូលសរុបចំនួន៩ ក្នុងនោះមានកំពូល១ស្ថិតនៅចំកណ្តាល ធំជាងគេនិងខ្ពស់ជាងគេលយចេញមក ខណៈព័ន្ធជុំវិញដោយកំពូលចំនួន៨។ បច្ចុប្បន្ន ប្រាសាទនេះកំពុងតែសាងសង់ និងឆ្លាក់បាននូវក្បូរក្បាច់រចនាខ្លះៗ នៅតាមកំពូលប្រាសាទប៉ុណ្ណោះ។
បន្ទាប់ពីមានការបង្ហោះចែកចាយខាងលើរួចមក មហាជនជាច្រើនក៏បាន ចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា«សង្ឃឹមថានឹងនៅគង់វង្សដល់កូនចៅជំនាន់ក្រោយបន្តទៀត»។ អ្នកខ្លះថា«ប្រាសាទនេះនៅក្រៅធំណាស់»។ អ្នកខ្លះថា«ខ្មែរធ្វើបានខ្មែរមានមោទកភាព»។ អ្នកខ្លះទៀតថា«ប្រសិនបើខ្មែរយើងសាងសង់សំណងបែបរចនាបថបុរាណច្រើននោះ រាប់រយរាប់ពាន់ឆ្នាំក្រោយក៏ក្លាយទៅជាប្រាសាទបុរាណ បន្ថែមដែលកសាងឡើងក្នុង ព.ស ២៥០០ជាង»៕










