មនុស្សភាគច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀង ដ៏ល្បីល្បាញមួយរូបលំដាប់ថ្នាក់ពិភពលោក គឺអ្នកនាង Coco Lee ដើមកំណើតចិន-អាមេរិក ដែលបានធ្វើអត្ត.ឃា.តខ្លួនឯង ព្រោះតែជម្ងឺ Depression កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ និងជាការសោកស្តា.យយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ។ យ៉ាងណាមិញ រូបសំណាក់របស់នាង ត្រូវបានគេសាងសង់ឡើងនិងដាក់តាំងបង្ហាញទៅកាន់សាធារណៈជន នៅឯឧទ្យាន Shimen Peak Memorial Park ស្ថិតក្នុងទីក្រុងវូហាន ខេត្ត Hubei ប្រទេសចិន។
អ្នកនាង Coco Lee ជាម្ចាស់បទ Before I fall in love ជា Idol នៅក្នុងដួងចិត្តអ្នកគាំទ្រនូវជុំវិញពិភពលោក ក្នុងនាមជាសិល្បៈការនីមួយរូបដែលមានទេពកោសល្យខ្ពស់ ចេះទាំងច្រៀង រាំ និពន្ធ (បទចម្រៀង) និងសម្តែង។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទំាងបានសាងស្នាដៃជាច្រើនទៅលើអាជីពរបស់នាង រហូតបំបែកកំណត់ពិភពលោកទៀតផង។
អ្នកនាង Coco Lee កើតនៅក្នុងទីក្រុងហុងកុង ប៉ុន្តែបានផ្លាស់ទៅរស់នៅឯសហរដ្ឋអារិកជាមួយនឹងឪពុកម្តាយរបស់នាងតាំងពីវ័យកុមារភាព។ យ៉ាងណាមិញ នាងក៏បានតស៊ូជាមួយជម្ងឺបាក់ទឹកចិត្តរហូតមក ដោយបានសម្រេចបញ្ចប់ជីវិតខ្លួនឯងក្នុងវ័យ ៤៨ ឆ្នាំ។ ខណៈដំណឹងនៃការស្លាប់របស់នាង បានបង្កនូវភាពភ្ញាក់ផ្អើលនិងជាការសោកស្តាយពាសពេញពិភពលោក។
អ្នកនាង Coco Lee ប្រៀបបានជានិមិត្តរូបតំណាងឲ្យប្រទេសចិន ដែលមានសក្តានុពលយ៉ាងខ្លាំងទៅលើវិស័យតន្រ្តី ហើយនាងក៏ជាអ្នកចម្រៀងចិនដំបូងគេ ដែលមានឈ្មោះបោះសម្លេងនៅឆាកអន្តរជាតិ និងមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសផងដែរ ទើបរូបសំណាក់របស់នាងក៏បានផុសឡើងនៅឯឧទ្យានដ៏ល្បីល្បាញមួយ ក្នុងប្រទេសចិនបែបនេះ។
គួរបញ្ជាក់ថា ការដាក់តាំងរូបសំណាក់នាងនៅឯឧទ្យាន Wuhan នោះព្រោះតែទីនោះគឺជាកន្លែងបញ្ចុះសពឪពុករបស់នាងដែលបានស្លាប់ប៉ុន្មានខែ មុនពេលដែលនាងកើត ហើយបើយោងតាមសម្តីម្តាយនាងរបស់នាងបានឲ្យដឹងថា វាជាបំណងប្រាថ្នារបស់គាត់ដែលចង់ឲ្យឪពុកនិងកូនបានជួបជុំគ្នានៅកន្លែងតែមួយនោះ។ 
យ៉ាងណាមិញ រូបសំណាក់ដ៏ធំសម្បើមមួយកំពុងឈរបង្អួតសម្រស់យ៉ាងស្រស់ស្អាត ដែលជានិមិត្តរូបនៃវត្តមានរបស់ទេពធីតា CoCo Lee និងជាបង្ហាញពីសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់នាងទៅកាន់មនុស្សគ្រប់ៗរូប៕










