ប្រទេសប៉េរូ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ក្រោយពេលទឹកកករលាយដោយសារអាកាសធាតុក្តៅ គេបានរកឃើញសាកស.ព អ្នកឡើងភ្នំម្នាក់ជនជាតិអាមេរិក នៅលើកំពូលភ្នំទឹកកករបស់ប្រទេសប៉េរូ ដែលជនជាតិអាមេរិករូបនេះបានបាត់ខ្លួនកាលពី២២ឆ្នាំមុន ។ ក្រោយមក អាជ្ញាធរបានជួយគ្នាលើកសាកស.ព ចុះពីលើភ្នំ និងយកទៅរក្សាទុកនៅបន្ទប់មួយក្នុងទីក្រុងហួរេស ។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបញ្ជាក់ថា វាជាសាកសពរបស់លោក William Stampfel អាយុ៥៩ឆ្នាំ ដែលលោកបានបាត់ខ្លួន តាំងពីខែមិថុនា ឆ្នាំ២០០២ ដោយសារទឹកកកធ្លាក់សង្កត់លើអ្នកឡើងភ្នំមួយក្រុម ។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលអ្នកឡើងភ្នំទាំងនេះធ្វើដំណើរនៅលើភ្នំវ៉ាស្ការ៉ាន់ ដែលមានកម្ពស់៦.៧០០ម៉ែត្រ ប៉ុន្តែភ្នាក់ងារសង្គ្រោះរកពុំឃើញសាកសពលោក ។.jpg)
សមត្ថកិច្ចប៉េរូ និយាយថា គេទើបតែរកឃើញសាកសពលោក William Stampfel នៅពេលទឹកកកលើជួរភ្នំរលាយ និងមានសម្ភារៈផ្សេងៗនៅជាមួយសាកសពផងដែរ ដូចជា ៖ សម្លៀកបំពាក់, ខ្សែក្រវ៉ាត់, វ៉ែនតា, កាតសម្គាល់ខ្លួន, លិខិតឆ្លងដែន, ប័ណ្ណបើកបរ និងស្បែកជើងឃ្លុប ។ ហេតុនេះ ទើបសមត្ថកិច្ចអាចបញ្ជាក់អត្តសញ្ញាណសាកសពបាន ។.jpg)
សមត្ថកិច្ចបន្តថា សាកសពរបស់ជនជាតិអាមេរិកមានសភាពដូចម៉ាំមី គឺរាងកាយពុំរលួយ ដោយសារស្ថិតនៅក្រោមផ្ទាំងទឹកកក និងមានសីតុណ្ហភាពត្រជាក់ខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។ សាកសពនេះស្លៀកពាក់ខោអាវជាអ្នកឡើងភ្នំ ព្រមទាំងមានសម្ភារៈមួយចំនួន និងឯកសារនៅជាប់ខ្លួន ។ ដូច្នេះ សមត្ថកិច្ចសន្និដ្ឋានថា ជនជាតិអាមេរិករូបនេះអាចស្លាប់ដោយសារទឹកកកធ្លាក់លើ កាលពីជាង២០ឆ្នាំមុន ។
គួរបញ្ជាក់ថា ជួរភ្នំស្ថិតនៅទិសឦសានប្រទេសប៉េរូ គឺគ្របដណ្តប់ទៅដោយផ្ទាំងទឹកកកពាសពេញទាំងអស់ ដូចជា ៖ ភ្នំវ៉ាស្ការ៉ាន់ និងភ្នំខាសាន ហើយវាជាតំបន់ពេញនិយមរបស់អ្នកឡើងភ្នំមកពីជុំវិញពិភពលោក ផងដែរ ។
កាលពីខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរប៉េរូបានរកឃើញសាកសពអ្នកឡើងភ្នំ ជនជាតិអ៊ីស្រាអែល ក្រោយពីបាត់ខ្លួនអស់ជិត១ខែ ។ ក្រោយមក នៅខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរបានឃើញសាកសពអ្នកឡើងភ្នំម្នាក់ទៀតជនជាតិអ៊ីតាលី ក្រោយពេលភ្លាត់ស្នៀតធ្លាក់ពីលើភ្នំ ដោយសារព្យាយាមឡើងទៅលើកំពូលភ្នំមួយទៀតស្ថិតនៅជួរភ្នំអែនឌីស ៕










