ខេត្តប៉ៃលិន គឺជាខេត្តមួយដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ដ៏ល្បីល្បាញ ក្រៅពីមានរ៉ែត្បូង និងពេជ្រដ៏មានតម្លៃជាច្រើន ខេត្តនេះក៏សម្បូរទៅដោយធនធានធម្មជាតិ បូករួមជាមួយទស្សនីយភាពជួរភ្នំ ទឹកជ្រោះ និងព្រៃឈើផងដែរ។ ខេត្តប៉ៃលិនស្ថិតនៅខាងជើងជួរភ្នំក្រវាញ នៅភាគខាងលិចនៃប្រទេសកម្ពុជា ដែលមានចម្ងាយផ្លូវ ៣៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ៨៤ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ដោយធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ ៥៧។ ហេតុនេះដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងស្រុក KBN News សូមណែនាំតំបន់ទេសចរណ៍ល្បីៗចំនួន ៥ នៅខេត្តប៉ៃលិនធានាថាសប្បាយទៅហើយមិនចង់មកវិញឡើយ៖
១.រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ៖ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន មានចម្ងាយ ៥ គ.មពីក្រុងប៉ៃលិន។ នៅទីនោះមានស្ទឹងធម្មជាតិទឹកថ្លា ក៏ដូចជាមានជ្រោះទឹកហូរធ្លាក់លើល្បាក់ថ្មដា យ៉ាងខ្ពស់ រួមជាមួយខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូងដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងយ៉ាងសប្បាយរីករាយ។ នៅរមណីយដ្ឋាននេះក៏មានខ្ចុះដើម្បីអង្គុយលេងនៅក្បែរមាត់ស្ទឹងអូរតាវ៉ៅជាច្រើនកន្លែង រួមទាំងមានខ្ចុះអង្គុយនៅខាងលើច្រាំង និងខាងលើកន្លែងចតឡាន សម្រាប់ភ្ញៀវទេសចររង់ចាំក្រុមគ្រួសារចុះទៅលេងទឹកជ្រោះធ្លាក់បែកផ្កាត្រែងទៀតផង។ ចំណែកកន្លែងទុកដាក់ឡានម៉ូតូវិញក៏មានទីធ្លាធំទូលាយផងដែរ មិនធ្វើឱ្យភ្ញៀវមានការព្រួយបារម្ភពីសុវត្ថភាពបាត់បង់អ្វីឡើយ។
២.ភ្នំយ៉ាត៖ នណាៗក៏ដឹងដែរថា «ភ្នំយ៉ាត» គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយដ៏ស្រស់ស្អាតនៅក្នុងខេត្តប៉ៃលិន ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ ៥៧ និងនៅក្បែរវត្តរតនសោភ័ណហៅវត្តកោងកាង កន្លែងទេសចរណ៍មួយនេះ គឺជាបេះដូងនៃខេត្តប៉ៃលិន។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរទាំងឡាយ ដែលចេញ-ចូល មកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត ដើម្បីគយគន់មើលសំណង់ប្រវត្តិសាស្ត្រមួយចំនួន ដែលនៅជាប់នឹងជើងភ្នំយ៉ាតតែម្តង ដូចជាប្រាសាទទ្វារ ៨ ទិស និងព្រះចូឡាមុនីចេតីយ។
៣.ទឹកធ្លាក់ក្បាលដំរី៖ រមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី មានទីតាំងស្ថិតនៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានចម្ងាយប្រហែល ៨ គ.មពីរូបសំណាកយាយយ៉ាត។ នៅកន្លែងនេះ ភ្ញៀវទេសចរអាចរីករាយនឹងការទស្សនាទឹកជ្រោះ ឬទឹកធ្លាក់, ដើរមើលទេសភាពព្រៃភ្នំ ទស្សនាកសិដ្ឋាននានា អាចហែលទឹកលេងយ៉ាងសប្បាយរីករាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានកន្លែងពិកនិចជាច្រើនទៀត។
៤.ទឹកធ្លាក់ភ្នំដំបង៖ គឺជារមណីយដ្ឋានធម្មជាតិដ៏ល្អបំផុត ដែលមានព្រៃភ្នំយ៉ាងស្រស់ស្អាតនៅជាប់នឹងច្រាំងស្ទឹង។ ដូច្នេះភ្ញៀវទេសចរអាចចុះងូតទឹកលេងបានព្រោះទឹកថ្លាឈ្វង់ ហើយត្រជាក់ ជាមួយនឹងថ្មធំៗជាច្រើន ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយជ្រះអស់ទុក្ខកង្វល់។ រមណីយដ្ឋានទឹកធ្លាក់នេះនៅជាប់ស្រុកសំឡូត ហើយក៏ជាព្រំប្រទល់រវាងខេត្តប៉ៃលិន និងបាត់ដំបងដែលហូរកាត់ភូមិក្រចាប់និងរមណីយដ្ឋាននានានៃតំបន់នេះទៅកាន់ស្ទឹងសង្កែផងដែរ។

៥.រមណីយដ្ឋានភ្នំកុយ៖ ភ្នំកុយគឺជាតំបន់ទេសចរណ៍ធម្មជាតិដែលមានសម្រស់ព្រៃប្រឹក្សា និងទឹកស្ទឹងមានលក្ខណៈធម្មជាតិពិតៗ ភ្ញៀវទេសចរអាចមកទីនេះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនាសម្រស់ព្រៃប្រឹក្សា ដោយតំបន់នេះក៏សម្បូរទៅដោយដើមឈើវល្លិ៍ធំៗសម្រាប់ការសម្រាកលំហែរបស់អ្នកទេសចរផងដែរ។ រមណីយដ្ឋានភ្នំកុយមានចម្ងាយ ២០ គ.ម ពីក្រុងប៉ៃលិន តាមផ្លូវស្ទឹងកាច់ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕










