ថ្មីៗនេះ ដោយមានការលើកឡើងយ៉ាងក្តៅគគុករវាងជនជាតិខ្មែរនិងថៃទាក់ទងនឹងទម្រង់ល្ខោនបាសាក់របស់ខ្មែរ រហូតដល់មានមតិលើកឡើងព្រោងព្រាតថាបែបនេះឬបែបនោះ។ យ៉ាងណាមិញ សិល្បការិនីល្ខោនបាសាក់ខ្មែរមួយរូប ហាក់ហួសចិត្តនឹងការលើកឡើងរបស់ជាតិសាសន៍ថៃខ្លាំងពេក ដែលថាល្ខោនបាសាក់ចម្លងពីហ៊ីចិន ទើបគាត់បានចូលទៅបញ្ចេញមតិនិងគូសបញ្ជាក់យ៉ាងច្បាស់ៗបែបនេះ។
កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយសិល្បការិនីល្ខោនបាសាក់ វន ឆវី បានលើកឡើងថា«មានជនជាតិថៃមួយចំនួនតូច ចូលខមិនថានេះជាល្ខោនថ្មីដែលចម្លងពីហ៊ីចិន ខ្ញុំឃើញហើយក៏ហួសចិត្ដ ទាំងដែលជនជាតិថៃ មិនដែលស្គាល់ពីសិល្បៈល្ខោនខ្មែរមានប៉ុន្មានទម្រង់ផង»។ 
«ល្ខោនបាសាក់របស់ខ្មែរមានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម ដែលដើមឡើយមានឈ្មោះថាល្ខោន ទ្រើងឃ្លោក ឬយូរកេរ។ ហើយបាននាំមកសម្ដែងនៅខ្មែរកណ្ដាលដំបូង ក្នុងឆ្នាំ១៩៣០ រហូតមកដល់សព្វថ្ងៃ បើគិតទៅគឺជិត ១០០ ឆ្នាំហើយ នៅលើទឹកដីខ្មែរកណ្ដាល»។
សិល្បការិនីល្ខោនបាសាក់រូបនេះបានបន្តទៀតថា«ល្ខោនបាសាក់មានភាពរហ័សរហួន ខុសឆ្ងាយពីល្ខោនដទៃ ព្រោះល្ខោនបាសាក់ទទួលឥទ្ធិពលពីល្ខោនហ៊ី(ចិន) និងល្ខោនកៃលឿង(យួន)មួយផ្នែក និងមួយផ្នែកទៀតចម្លងពីល្ខោនមហោរីខ្មែរ បានឆ្នៃចេញជារសជាតិថ្មីគឺល្ខោនបាសាក់សព្វថ្ងៃ។ ចម្រៀងល្ខោនបាសាក់ចែកចេញជាបួនផ្នែកធំៗគឺ ចម្រៀងបាសាក់សុទ្ធ ២៨បទ, មហោរីឆ្នៃ ៨៩ បទ, ឥទ្ធិពលពីចិននិងយួន ២២បទ និងឥទ្ធិពលបារាំង ១៦បទ»។
ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ទៀតថា ល្ខោនបាសាក់ខ្មែរនៅផ្នែកខ្លះបានទទួលឥទ្ធិពលពីហ៊ីចិនពិតមែន ព្រោះកាលគ្រានោះចិនមករស់នៅនិងនាំយកហ៊ីមកសម្តែងនៅលើទឹកដីកូសាំងស៊ីន ទើបខ្មែរចម្លងចំណុចសំខាន់ៗរបស់ហ៊ីចិនផងដែរ»៕










