ការធ្វើដំណើរទៅក្រៅប្រទេសគឺជាបទពិសោធន៍ថ្មី អាចឱ្យយើងដឹងពីសណ្ឋានភាពសង្គម សិល្បៈវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ។ ទោះជាយ៉ាងណាប្រសិនបើអ្នកទៅចំប្រទេសដែលគ្មានសុវត្ថិភាព ឬប្រជាជននៅទីនោះមិនរួសរាយអាចធ្វើឱ្យអ្នកមិនស្រួលចិត្ត ឬមានអារម្មណ៍ភ័យខ្លាចជាដើម។ ប៉ុន្តែប្រសិនបើអ្នកទៅចំប្រទេសដែលមានសុវត្ថិភាព ឬមានប្រជាជនរួសរាយ នោះអ្នកនឹងទទួលបានសុភមង្គល ក៏ដូចជាបានសាងនូវអនុស្សារីយ៍ដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបាន។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំប្រិយមិត្តមកស្គាល់ប្រទេសចំនួន ១០ នៅលើពិភពលោកដែលមានប្រជាជនរួសរាយជាងគេបំផុតក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ USA Today កាលពីដើមខែកក្កដា។
១.អាហ្រ្វិកខាងត្បូង៖ ជាការពិតណាស់ប្រជាជននៅទីនេះគឺមានភាពរួសរាយរាក់ទាក់ខ្លាំង ដោយពួកគេតែងតែស្វាគមន៍ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជានិច្ច ដែលធ្វើឱ្យអ្នកទស្សនាមានផាសុកភាពពេលមកដល់ប្រទេសនេះ។ ចំណុចពិសេសមួយទៀតគឺពួកគេមានភាពរីករាយ ចូលចិត្តនិយាយរឿងកំប្លែង និងមានភាសាផ្លូវការចំនួន ១១ ដែលនិយាយរួមទាំងភាសាអង់គ្លេស អាហ្រ្វិក និង ៩ ភាសាជនជាតិភាគតិច ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកទេសចរក្នុងការបង្កើតមិត្តថ្មី។
២.ប្រទេសក្រិក៖ ក្រិកជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបានពិន្ទុ ៣៣.៧១។ យោងតាមការស្ទង់មតិប្រជាជននៅក្នុងប្រទេសនេះគឺចូលចិត្តនិយាយជាមួយមនុស្សប្លែកៗណាស់ ដោយសង្ឃឹមថានឹងបង្កើតមិត្តភាពថ្មី ។ នៅក្នុងភាសាក្រិកមានពាក្យ “philoxenia” ដែលមានន័យថា “មិត្តភាពជាមួយមនុស្សចម្លែក” ឬ “បដិសណ្ឋារកិច្ច” ។ នេះជារបៀបរស់នៅដែលប្រជាជនក្រិកអនុវត្តតាំងពីបុរាណកាលមក ធ្វើឱ្យអ្នកទេសចរតែងតែចង់មកទស្សនានៅប្រទេសនេះជានិច្ច។ ហេតុនេះនៅក្នុងជីវិតពិត ជនជាតិក្រិចគឺតែងតែមានទម្លាប់អញ្ជើញអ្នកស្គាល់គ្នាថ្មីៗមកផ្ទះរបស់ពួកគេណាស់។
៣.ប្រទេសក្រូអាត៖ ក្រូអាតជាប់ចំណាត់ថ្នាក់លេខ ៣ ជាប្រទេសដែលមានប្រជាជនរួសរាយបំផុតក្នុងលោក ជាមួយពិន្ទុ ៣៣,៥០ ។ យោងតាមក្រុមហ៊ុន Remitly ទេសចរណ៍គឺជាវិស័យដ៏សំខាន់នៃសេដ្ឋកិច្ចក្រូអាត ដូច្នេះមនុស្សតែងតែគួរសម និងរាក់ទាក់ជាមួយភ្ញៀវជានិច្ច។ ប្រទេសក្រូអាតមានវប្បធម៌កាហ្វេដ៏រស់រវើក ជួយអ្នកចំណូលថ្មីរំសាយអារម្មណ៍នៃភាពឯកា និងបង្កើតមិត្តយ៉ាងឆាប់រហ័ស។ 
៤.ប្រទេសម៉ិកស៊ិក៖ ជាមួយពិន្ទុ ៣៣.៤៧ ប្រទេសនេះជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងបញ្ជី ដោយត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសុភមង្គល និងមានប្រជាជនរួសរាយបំផុត។ ប្រជាជននៅទីនេះតែងតែញ៉ាំអាហារជាមួយមនុស្សប្លែកៗជានិច្ច ហើយតែងតែស្វាគមន៍ និងរីករាយក្នុងការចែករំលែក ក៏ដូចជាណែនាំវប្បធម៌របស់ពួកគេទៅប្រាប់ភ្ញៀវទេសចរជាដើម។ 
៥.ប្រទេសស៊ុយអែត៖ ជាការពិតណាស់ ប្រជាជននៅក្នុងប្រទេសស៊ុយអែតគឺពិតជាមានភាពរួសរាយរាក់ទាក់ និងរីករាយខ្លាំងបំផុត សក្តិសមជាជម្រើសកំពូលសម្រាប់មិត្តភាពដ៏រឹងមាំ ដែលនេះបង្ហាញថាជនជាតិស៊ុយអែតតែងតែបើកចំហក្នុងការបង្កើតមិត្តថ្មីៗជានិច្ច។
៦.ប្រទេសអូស្ត្រាលី៖ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៦ នៅក្នុងបញ្ជីជាមួយ ៣៣.១៣ ពិន្ទុ។ យោងតាមសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនរវិទ្យានៅសាកលវិទ្យាល័យ Deakin ក្នុងរដ្ឋ Victoria វេជ្ជបណ្ឌិត Tanya King ធ្លាប់បានចែករំលែកថា ភ្ញៀវទេសចរដែលមកអូស្ត្រាលីភាគច្រើនគឺដើម្បីចាប់ផ្តើមស្វែងរក ឬរាប់អានមនុស្សថ្មី ដោយសារប្រជាជននៅទីនេះគឺរួសរាយ ងាយនឹងបង្កើតមិត្តភាពណាស់។ 
៧.ប្រទេសកាណាដា៖ ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសប្បុរសធម៌ ប្រជាជននៅទីនេះភាគច្រើនគឺចិត្តល្អណាស់ តែងផ្តល់ក្តីស្រឡាញ់ចំពោះមនុស្សគ្រប់គ្នា។ ដូច្នេះប្រទេសកាណាដា គឺបានក្លាយជាគោលដៅទេសចរដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរ។ 
៨.ប្រទេសអាល្លឺម៉ង់៖ យោងទៅតាម Remitly មនុស្សនៅប្រទេសអាល្លឺម៉ង់គឺតែងតែស្វាគមន៍យ៉ាងក្លៀវក្លាចំពោះភ្ញៀវ ឬអ្នកស្រុកថ្មីជានិច្ច។ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៨ ជាមួយពិន្ទុ ៣២.៦៦ ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានប្រជាជនរួសរាយបំផុត។
៩.អេស្តូនី៖ ឈរនៅលេខរៀងទី៩ ជាមួយ ៣២.៥៨ ពិន្ទុ ប្រទេសអេស្តូនីគឺមានប្រជាជនរួសរាយរាក់ទាក់បំផុត ប៉ុន្តែក៏ផ្តល់តម្លៃដល់កន្លែងផ្ទាល់ខ្លួន និងភាពឯកជនផងដែរ។
១០.ប្រទេសបែលហ្សិក៖ ចំណាត់ថ្នាក់ទី ១០ គឺបានទៅលើប្រទេសបែលហ្សិក ជាមួយពិន្ទុ ៣២.៥។ បែលហ្ស៊ិកមានភាពល្បីល្បាញសម្រាប់សូកូឡាដ៏ល្អបំផុតនៅក្នុងពិភពលោក ស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ និងជាកន្លែងសមរម្យសម្រាប់អ្នកដែលចង់ផ្លាស់ទៅអឺរ៉ុប។ ដូច្នេះប្រជាជននៅទីនេះតែងតែផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជានិច្ច៕










