ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន CNBC រាយការណ៍ថា តាមការស្រាវជ្រាវរបស់ស្ថាប័ន InterNations អំពីអ្នកទៅធ្វើការនៅក្រៅប្រទេស ឆ្នាំ២០២៤ បង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ទី១ ផ្នែកចំណាយអស់តិចសម្រាប់ជនបរទេសរស់នៅវៀតណាម និងជាប់ចំណាត់ថ្នាក់ទី១ សម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា ក្នុងចំណោម៥៣ប្រទេស ខណៈកូឡុំប៊ី ជាប់ចំណាត់ថ្នាក់ទី២ ។.jpg)
ចំណែកផ្នែកគុណភាពជីវិត គឺវៀតណាមជាប់ចំណាត់ថ្នាក់ទី៤០ ក្នុងចំណោម៥៣ប្រទេស ខណៈផ្នែកតម្រូវការចាំបាច់សម្រាប់ជនបរទេស ដូចជា ៖ អ៊ីនធើរណេត, កន្លែងស្នាក់នៅ និងភាសា គឺវៀតណាមជាប់ចំណាត់ថ្នាក់ទី២៩ ។ រីឯផ្នែកការងារនៅក្រៅប្រទេស រួមទាំងឱកាសមុខរបរ, ប្រាក់ខែ និងស្ថិរភាពការងារ វៀតណាមជាប់ចំណាត់ថ្នាក់ទី១៤ ។
ការស្ទង់មតិនេះបង្ហាញថា ជនបរទេសស្នាក់នៅវៀតណាម ប្រមាណ៨៦% និយាយថា ការចំណាយនៅវៀតណាមសមរម្យ ខណៈអ្នកឆ្លើយតបការស្ទង់មតិ៦៥% ទៀតនិយាយថា ពួកគេពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន បើធៀបនឹងការចំណាយជាមធ្យមលើពិភពលោក ដែលស្មើនឹង៥៤% ។ រីឯការពេញចិត្តនឹងការងារ ក៏ទទួលបានភាគរយខ្ពស់ដែរ ក្នុងចំណោមជនបរទេសស្នាក់នៅវៀតណាម ។ ការពេញចិត្តនឹងការងារនៅវៀតណាមបានឡើងពីចំណាត់ថ្នាក់ទី២៤ កាលពីឆ្នាំ២០២៣ មកចំណាត់ថ្នាក់ទី៣ នៅឆ្នាំ២០២៤ ។
ទោះយ៉ាងណា នៅវៀតណាម មានជនបរទេសត្រឹមតែ៤៦% ប៉ុណ្ណោះ ដែលធ្វើការពេញម៉ោង ហើយជនបរទេសម្នាក់ក្នុងចំណោម៥នាក់ ឬស្មើ២១% គឺធ្វើការក្រៅម៉ោង និងជនបរទេសប្រមាណ១៨% បានចូលនិវត្តន៍ពីការងារ ។ ជនជាតិអង់គ្លេសម្នាក់រស់នៅវៀតណាម និយាយថា ៖ «ការរស់នៅទីនេះ គ្មានភាពតានតឹងសម្រាប់ខ្ញុំទេ ។ វាជាការផ្លាស់ប្តូរដ៏ល្អប្រសើរពីជីវិតធ្វើការនឿយហត់ និងរញ៉េរញ៉ៃខ្លាំង» ។
រីឯសន្ទស្សន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Index) ស្ថាប័ន InterNations បានសាកសួរអ្នកចូលរួមការស្ទង់មតិអំពីការពេញចិត្តផ្ទាល់ខ្លួន ចំនួន៣ផ្នែក រួមមាន ៖ ការចំណាយទូទៅ, ការពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុ និងប្រាក់ចំណូលគ្រួសារ ដើម្បីចង់ដឹងថា តើពួកគេពេញចិត្តក្នុងការរស់នៅយ៉ាងមានក្តីសុខដែរឬទេ?
ប្រទេសចំនួន១០ ដែលជនបរទេសនិយាយថា ល្អបំផុតសម្រាប់ការចំណាយប្រាក់ផ្ទាល់ខ្លួន រួមមាន ៖ ១-វៀតណាម ២-កូឡុំប៊ី ៣-ឥណ្ឌូណេស៊ី ៤-ប៉ាណាម៉ា ៥-ហ្វីលីពីន ៦-ឥណ្ឌា ៧-ម៉ិកស៊ិក ៨-ថៃ ៩-ប្រេស៊ីល និង១០-ចិន ។
Katrin Chudoba ជានាយកផ្នែកទីផ្សាររបស់ InterNations និយាយថា ៖ «កន្លែងស្នាក់នៅ គឺជាកត្តាសំខាន់យ៉ាងខ្លាំងសម្រាប់ការចំណាយក្នុងការរស់នៅ ក្នុងនោះថៃស្ថិតក្នុងលំដាប់ទី១ ដែលជនបរទេសងាយស្រួលស្វែងរកកន្លែងស្នាក់នៅបំផុត ។ រីឯវៀតណាម ស្ថិតក្នុងលំដាប់ទី២, ហ្វីលីពីន លំដាប់ទី៥ និងឥណ្ឌូណេស៊ី លំដាប់ទី៨ ។ ជនបរទេសជាច្រើននិយាយថា ពួកគេងាយស្រួលស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសទាំង៤ ហើយពួកគេពេញចិត្តនឹងលទ្ធភាពចំណាយផងដែរ» ៕










