សក់ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់សម្រស់ឱ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ហេតុនេះហើយអ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការថែទាំសក់ឱ្យមានសុខភាពល្អ ឆាប់ដុះសក់ និងធ្វើឱ្យសសៃសក់របស់យើងរឹងមាំទន់រលោង ជាមួយវិធីសាស្ត្រដូចខាងក្រោម៖
១.លាបក្រេមបន្ទន់បន្ទាប់ពីកក់សក់រួច៖ ជាការពិតណាស់នៅពេលដែលយើងកក់សក់ជាមួយសាប៊ូរួច អ្នកគួរតែប្រើក្រេមបន្ទន់ដើម្បីបណ្តុះសក់របស់អ្នក ធ្វើឱ្យសក់មានសំណើម និងទន់រលោង។
២.កាត់តម្រឹមសក់ឱ្យបានញឹកញាប់៖ ការកាត់សក់មិនបានធ្វើឱ្យសក់ដុះលឿននោះទេ ប៉ុន្តែវាជួយកម្ចាត់បញ្ហាបែកចុងដែលធ្វើឱ្យសក់ខូច ហើយការតម្រឹមសក់ដែលបែកចុង អាចជួយឱ្យសក់របស់អ្នកដុះលូតលាស់បានយ៉ាងល្អ។
៣.ផ្លាស់ប្ដូររបបអាហារឱ្យបានត្រឹមត្រូវ៖ ការដែលមានសក់វែង និងរឹងមាំ មិនមែនពឹងផ្អែកតែលើផលិតផលដែលអ្នកប្រើប្រាស់មួយមុខនោះទេ។ កត្តាសំខាន់នោះ គឺរបបអាហារដែលអ្នកបរិភោគ ដូច្នេះអាហារដែលល្អសម្រាប់សុខភាពសក់មានដូចជា សាច់គោ អយស្ទ័រ ចេក សណ្ដែកសៀង ត្រី និងគ្រាប់ធញ្ញជាតិ។
៤.កាត់បន្ថយការកក់សក់៖ ការកក់សក់គឺជាវិធីដ៏ល្អមួយក្នុងការសម្អាតសក់ និងធ្វើឱ្យស្បែកក្បាលរបស់អ្នកមានអនាម័យ ប៉ុន្តែប្រសិនបើអ្នកកក់សក់ជារៀងរាល់ថ្ងៃ ឬញឹកញាប់ពេក វានឹងបំផ្លាញសសៃសក់ ធ្វើឱ្យសក់ស្ងួតនិងខូចបានយ៉ាងងាយស្រួល។ ហេតុនេះហើយអ្នកគួរកក់សក់ ២-៣ ដងក្នុងមួយសប្តាហ៍បានហើយ។
៥.កុំសិតសក់ខណៈពេលដែលសក់នៅសើម៖ ការសិតសក់នៅពេលដែលសក់សើម អាចធ្វើឱ្យសក់របស់អ្នកងាយជ្រុះ នឹងបណ្តាលឱ្យសក់ស្តើងជាងមុន។
៦.ជៀសវាងប្រើឧបករណ៍ក្តៅពេក៖ ការប្រើប្រាស់ឧបករណ៍ដូចជា ដង្កៀបកៀបសក់ ម៉ាស៊ីនមូល ផ្លុំ ដោយកម្តៅក្តៅខ្លាំងពេក អាចធ្វើឱ្យសក់របស់អ្នកខូច នឹងមិនងាយលូតលាស់បានលឿននោះទេ៕










