នៅលើពិភពលោកយើងនេះ គឺមានសំណង់ស្ពានល្បីៗជាច្រើនទាំងស្អាត អស្ចារ្យ មើលទៅទាក់ទាញមិនធម្មតា រហូតដល់មនុស្សយើងគិតថា តើស្ពានទាំងនោះពិតជាកើតចេញពីស្នាដៃរបស់មនុស្សពិតមែន ឬយ៉ាងណា? ជាការពិតណាស់ ទោះបីជាយើងមើលទៅឃើញស្ពានទាំងនេះស្អាតគួរឱ្យចាប់អារម្មណ៍ក៏ពិតមែន ប៉ុន្តែស្ពានខ្លះក៏ត្រូវបានគេចាត់ទុកថាជាស្ពានដ៏គ្រោះថ្នាក់និងគួរឱ្យខ្លាចបំផុតនៅលើពិភពលោកផងដែរ។ ដូច្នេះហើយថ្ងៃនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ស្ពានដ៏គួរឱ្យខ្លាចបំផុតចំនួន ៩ នៅជុំវិញពិភពលោក ក្នុងនោះក៏មានស្ពានខ្មែរមួយផងដែរ៖
១. Zhangjiajie Glass៖ គឺជាស្ពានកញ្ចក់ដើរលើអាកាសខ្ពស់បំផុតនៅទីក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន ហើយក៏ជាស្ពានកញ្ចក់ដែលវែងជាងគេ និងខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។ ស្ពាននេះមានប្រវែងសរុប ៤៣០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងមានកំពស់ ៣០០ ម៉ែត្រពីលើដី គឺជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរបំផុត ដោយវាត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកទស្សនារហូតដល់ ៨០០ នាក់ក្នុងពេលតែមួយ។
២. Hussaini Suspension៖ ស្ពាននេះក៏មិនធម្មតាដែរ ត្រូវបានគេស្គាល់ថាជាស្ពានដ៏គ្រោះថ្នាក់បំផុតក្នុងលោក ស្ថិតក្នុងប្រទេសប៉ាគីស្ថាន។ វាត្រូវបានសាងសង់ដោយខ្សែពួរ និងក្តាឈើ ហើយពេលមានខ្យល់ស្ពាននេះគឺរង្គើខ្លាំង។ ទោះជាយ៉ាងណា កន្លែងនេះគឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក សម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេងអាចមកឆ្លងកាត់ស្ពាននេះបាន។
៣. Eshima Ohashi៖ ស្ពាន Eshima Ohashi គឺស្ថិតនៅក្នុងប្រទេសជប៉ុន ដែលមានរចនាសម្ព័ន្ធមើលទៅគួរឱ្យខ្លាចខ្លាំងផងដែរព្រោះដូចជាស្ពានធ្លាក់ចុះពីលើមេឃយ៉ាងអញ្ចឹង ហេតុនេះតម្រូវឱ្យអ្នកបើកបរឆ្លងកាត់ មានការប្រុងប្រយ័ត្នខ្ពស់ និងបើកបរប្រកបដោយទំនួលខុសត្រូវខ្ពស់។
៤. Sidu River៖ Sidu River គឺជាស្ពានខ្ពស់បំផុតនៅលើផែនដីយើងនេះ ដែលវាស្ថិតក្នុងប្រទេសចិន ត្រូវបានបើកឱ្យដំណើរការក្នុងឆ្នាំ ២០០៩ ដោយលាតសន្ធឹងពីលើជ្រលងភ្នំខ្ពស់ និងជ្រៅ។ Sidu River គឺមានប្រវែង ១,២២២ ម៉ែត្រ ដោយអ្នកខ្លះមិនសូវជាហ៊ានឆ្លងកាត់លើវាទេ ព្រោះភ័យខ្លាចនឹងកម្ពស់របស់វា។ តែក៏មានអ្នកចូលចិត្តធ្វើដំណើរលើវា ជាជាងធ្វើដំណើរកាត់តាមតំបន់ភ្នំក្បែរនោះដែរ។ ត្រូវហើយ ស្ពាននេះល្អសម្រាប់អ្នកដែលមិនខ្លាចទីខ្ពស់ប៉ុណ្ណោះ។
៥. Golden Bridge៖ ស្ពានមាសនៅក្នុងប្រទេសវៀតណាម គឺជាស្ពានថ្មើរជើងប្រវែង ១៥០ ម៉ែត្រ ត្រូវបានរចនាឡើងដើម្បីភ្ជាប់ស្ថានីយរថយន្តខ្សែកាបជាមួយសួនច្បារ និងដើម្បីផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត និងការទាក់ទាញទេសចរណ៍។ ស្ពាននេះវិលជុំវិញខ្លួនវាវិញ ហើយមានដៃយក្សពីរ ដែលសាងសង់ពីសរសៃកញ្ចក់ និងសំណាញ់លួស រចនាឡើងដូចជាដៃថ្មដើម្បីទ្រទ្រង់រចនាសម្ព័ន្ធ។
៦.ស្ពានឬស្សី៖ ស្ពានឬស្សីដែលស្ថិតក្នុងប្រទេសកម្ពុជាយើង ក៏ជាប់ឈ្មោះជាស្ពានដ៏គួរឱ្យខ្លាចបំផុតក្នុងលោកផងដែរ។ ស្ពាននេះត្រូវបានកសាងឡើង ដើម្បីចម្លងអ្នកដំណើររវាងក្រុងកំពង់ចាម និងកោះប៉ែន សម្រាប់ខែទឹកស្រក ជំនួសដោយការឆ្លងទូកដរ។ ទោះបីជាបច្ចុប្បន្នមានស្ពានថ្មរឹងមាំជាច្រើនក៏ដោយ ក៏ស្ពានឬស្សីនៅតែជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ 
៧.Langkawi Sky៖ Langkawi Sky ស្ថិតក្នុងប្រទេសម៉ាឡេស៊ី គឺជាស្ពានដ៏គ្រោះថ្នាក់បំផុតមួយក្នុងលោក។ វាត្រូវបានសាងសង់នៅលើកំពូលភ្នំ Machinchang ដែលមានទេសភាពដ៏ស្រស់ត្រកាលជាមួយនឹងទេសភាពនៃកោះ និងសមុទ្រ។ ស្ពាននេះមានចម្ងាយប្រហែល ១០០ ម៉ែត្រពីដី អាចផ្ទុកមនុស្សបានរហូតដល់ ២៥០ នាក់ក្នុងពេលតែមួយ និងផ្ដល់ឱ្យអ្នកទេសចរនូវបទពិសោធន៍ប្លែកៗគ្នានិងអស្ចារ្យ តែវាក៏គួរឱ្យខ្លាចចំពោះអ្នកដែលខ្លាចទីខ្ពស់ផងដែរ។
៨. Seven Mile Bridge៖ ចំពោះស្ពាន Seven Mile នេះវិញគឺស្ថិតនៅរដ្ឋ Florida មានបណ្ដោយ ២ ខ្សែវែង និងលាតសន្ធឹងលើទឹកសមុទ្រដ៏ធំល្វឹងល្វើយ។ ទោះបីជាទេសភាពស្អាតមែនប៉ុន្តែការធ្វើដំណើរឆ្លងកាត់វា អាចជាបទពិសោធគួរឱ្យខ្លាច និងរន្ធត់បំផុត។ បន្ទាប់ពី SevenMile Bridge ផ្លាស់ប្ដូររូបរាងថ្មី ហើយការចរាចរណ៍ទៅមក មានសុវត្ថិភាពច្រើនក៏ដោយ ក៏វានៅតែមានហានិភ័យខ្លះដដែលសម្រាប់អ្នកធ្វើដំណើរ។
៩. Geumgang៖ ស្ពាន Geumgang ក៏ត្រូវគេស្គាល់ជាស្ពានគ្រោះថ្នាក់ក្នុងលោកផងដែរ វាមានរយៈបណ្តោយ តាមភ្នំដ៏ស្រស់ស្អាតគឺ Daedunsan Mountain ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រវែង ៥០ ម៉ែត្រ និងកម្ពស់៨១ ម៉ែត្រពីដី។ ទោះបីជាវាមានកម្ពស់ខ្ពស់ក៏ដោយ Geumgang Bridge ក៏ជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរប៉ុន្តែមិនមែនជាទីពេញចិត្ត សម្រាប់អ្នកខ្លាចទីខ្ពស់នោះឡើយ។ ប្រសិនបើអ្នកមានភាពក្លាហានគ្រប់គ្រាន់ ដើរឆ្លងកាត់វាសូមចំណាយពេលបន្តិច ដើម្បីឈរមើលទេសភាពដ៏អស្ចារ្យពីលើស្ពាននេះ៕










