រូបភាពចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់កុមារតូចៗ នៅឯសាលារៀនខេត្តក្រចេះ ដែលបានចូលរួមយ៉ាងសកម្មគ្រប់ៗគ្នាក្នុងការចម្អិនអាហារប្រកបដោយផាសុខភាពនិងអនាម័យ។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះរបស់ក្រសួងអប់រំ យុវជននិងកីឡា គឺបានចែករំលែកនូវរូបថតជាច្រើនសន្លឹកដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«សកម្មភាពកុមារថ្នាក់កម្រិតខ្ពស់ចម្អិនម្ហូប នៅសាលាមត្តេយ្យសិក្សាធនធានក្រចេះក្រុង ខេត្តក្រចេះ»។
តាមរយៈរូបភាពទាំងនោះ គឺបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់កុមារៗតូចៗគួរឲ្យស្រលាញ់ជាច្រើននាក់ ក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូបានចូលរួមយ៉ាងសកម្ម ជួយគ្នាក្នុងការចម្អិនម្ហូបសម្រាប់បរិភោគប្រកបដោយផាសុខភាពនិងអនាម័យ។ ដោយសង្កេតឃើញថា ដំបូងឡើយ ពួកគេបានទៅបេះបន្លែដែលដាំនៅក្នុងបរិវេនសាលារៀនផ្ទាល់ ជាបន្លែដែលគ្មានសារធាតុគីមី។ បន្ទាប់មក ពួកគេក៏បានជួយគ្នាបេះនិងលាងបន្លែទាំងនោះ។ ក្រោយពីលាងរួច ពួកគេក៏រៀបចំចម្អិនម្ហូបដែលគ្រោងទុកនោះប្រកបដោយសាមគ្គីភាពនិងភាពរីករាយបំផុត ក្រោមការមើលថែពីលោកគ្រូអ្នកគ្រូផងដែរ។
ឆ្លងតាមរយៈសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ទៅលើសុខភាព និងអនាម័យរបស់សិស្សានុសិស្សដែលជាកុមារតូចៗ តួយ៉ាងដូចជាសាលារៀននៅក្នុងខេត្តក្រចេះមួយនេះ។ យ៉ាងណាមិញ ដោយសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ មិនថាជាកុមារតូចៗឬក៏យុវវ័យទេ តែងនិយមចូលចិត្តបរិភោគអាហារកែច្នៃ ឬទឹកកំប៉ុងដែលមានរសជាតិផ្អែមៗជាដើម។ ស្របពេលដែល កង្វះនូវការណែនាំពីអាណាព្យាបាលនិងការយល់ដឹងនូវមានកម្រិត បានបណ្តោយឲ្យពួកគេទទួលទានរបស់ទាំងនោះជាប្រចាំ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកគេយ៉ាងធ្ងន់ធ្ងរបន្តិចៗម្តង។
ខណៈថ្មីៗនេះ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្រគន្ធបុប្ផាគឺបានរកឃើញថា កុមារកម្ពុជារហូតដល់ទៅជិត៧០០នាក់ទៅហើយបានកើតជំងឺទឹកនោមផ្អែមកម្រិត១។ ដូច្នេះហើយ ចូរឪពុកម្តាយក៏ដូចជាអាណាព្យាបាលគ្រប់ៗរូបគួរតែយកដាក់ឲ្យបានខ្ពស់ទៅលើរឿងសុខភាពកូនរបស់លោកអ្នក ត្រូវពិនិត្យនិងតាមដានពីអាហារដែលកូនៗតែងបរិភោគជាប្រចាំ ព្រោះថាសុខភាពគឺនាំមុខអ្វីៗទាំងអស់ និងដើម្បីកុំឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយផងដែរ៕










