ប្រទេសចិន ៖ វាបានធ្វើឱ្យអ្នកមើលបណ្តាញសង្គមលើពិភពលោក ភ្ញាក់ផ្អើលដូចៗគ្នា ពេលឃើញមនុស្សយន្តស្រីដ៏ស្រស់ស្អាតម្នាក់ក្នុងភោជនីយដ្ឋានមួយកន្លែងនៅប្រទេសចិន មានសមត្ថភាពពុំធម្មតា ។ នាងអាចលើកម្ហូបអាហារជូនភ្ញៀវពិសារ, ទទួលស្វាគមន៍ភ្ញៀវ និងអាចឆុងទឹកតែទៀតផង ។ .jpg)
ប៉ុន្តែបើគេពិនិត្យមើលឱ្យបានច្បាស់ គឺនាងពុំមែនជាមនុស្សយន្តទេ នាងជាមនុស្សស្រីធម្មតា ឈ្មោះ ឈីន អាយុ២៦ឆ្នាំ និងជាម្ចាស់ភោជនីយដ្ឋាននៅទីក្រុងឆុងឈីង ប្រទេសចិន ។ នាងមានសមត្ថភាពពិសេសអាចធ្វើត្រាប់តាមមនុស្សយន្តដូចបេះបិទ ហើយគេបានចែកចាយវីដេអូរបស់នាងយ៉ាងច្រើនពេញបណ្តាញសង្គម ។
សកម្មភាពទាំងអស់របស់នាងបានបង្ហាញពីកាយវិការមនុស្សយន្តដែលត្រូវគេបញ្ចូលកម្មវិធី និងបច្ចេកវិទ្យាក្នុងខ្លួន ខណៈមនុស្សទូទៅពុំអាចធ្វើដូចនាង ។ កាយវិការរបស់នាងធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើមឆ្ងល់ថា តើនាងជាមនុស្សយន្ត ឬមនុស្សធម្មតា?.jpg)
ក្រៅពីនាងមានសមត្ថភាពពិសេសអាចធ្វើត្រាប់តាមមនុស្សយន្តហើយ សមត្ថភាពពិសេសមួយទៀត គឺនាងមិនព្រិចភ្នែករហូតដល់១៥នាទី ។ ហេតុអ្វីនាងមានសមត្ថភាពពិសេសបែបនេះ?
អ្នកស្រី ឈីន រៀបរាប់ថា អ្នកស្រីចូលចិត្តការរាំតាំងពីកុមារភាពមកម៉្លេះ ហើយក៏ចាប់ផ្តើមរៀនរាំពេលអាយុ១២ឆ្នាំ ហើយបទពិសោធន៍ការរាំនេះធ្វើឱ្យអ្នកស្រីអាចត្រាប់តាមមនុស្សយន្តបាន ។ ការកម្រើកខ្លួនរបស់មនុស្សយន្តស្រដៀងគ្នានឹងការរាំរបស់ស្ត្រីដែរ ហើយវារួមបញ្ចូលនូវចង្វាក់រាំជាច្រើន ។ ហេតុនេះ អ្នកស្រីថ្នឹកនឹងការរាំ ទើបការធ្វើត្រាប់តាមមនុស្សយន្ត គ្មានអ្វីពិបាកទេសម្រាប់អ្នកស្រី ។
ហេតុអ្វីអ្នកស្រី ឈីន ធ្វើត្រាប់តាមមនុស្សយន្តបែបនេះ? អ្នកស្រីប្រាប់ថា វាចាប់ផ្តើមតាំងពីមិត្តភក្តិអ្នកស្រីនាំគ្នាមកជង់លៀងនៅភោជនីយដ្ឋាន និងរាំលេង ។ ពេលនោះ អ្នកស្រីក៏ធ្វើត្រាប់តាមមនុស្សយន្តឱ្យមិត្តភក្តិមើល ស្រាប់តែពួកគេសរសើរយ៉ាងខ្លាំង និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ។ អ្នកស្រីក៏ល្បីល្បាញក្នុងបណ្តាញសង្គមតាំងពីពេលនោះមក ។
អ្នកស្រីពុំបានព្រិចភ្នែកសោះ ទើបធ្វើឱ្យភ្ញៀវក្នុងភោជនីយដ្ឋានពុំជឿថា អ្នកស្រីជាមនុស្សធម្មតា ។ អ្នកស្រីពុំបានព្រិចភ្នែកចាប់ពី១២នាទី ទៅ១៥នាទី ហើយអ្នកស្រីនឹងពុំសម្លឹងមើលចំណុចណាមួយទេ ប៉ុន្តែវាត្រូវឆ្លងកាត់ការហ្វឹកហាត់ខ្លាំង ទើបអាចធ្វើបែបនេះបាន ។ បច្ចុប្បន្ន អ្នកស្រីកំពុងហ្វឹកហាត់ជំនាញថ្មី គឺការនិយាយស្តីដូចមនុស្សយន្ត ដើម្បីឱ្យអ្នកស្រីកាន់តែដូចមនុស្សយន្តថែមទៀត ៕










