គុនខ្មែរ ជាសិល្បៈក្បាច់គុនបុរាណខ្មែរមួយបែប ដែលត្រូវបានជឿជាក់ថាបង្កើតឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដោយបន្សល់ទុកភស្តុតាងជាច្រើន នៅតាមចម្លាក់នៅលើប្រាង្គប្រាសាទ ឥឡូវនេះត្រូវបានដាក់ជាមុខវិជ្ជាសិក្សា ក្នុងម៉ោងកីឡា នៅវិទ្យាល័យមួយនៅក្រុងភ្នំពេញ។
វិទ្យាល័យព្រះស៊ីសុវត្ថិ បានដាក់បញ្ចូល គុនខ្មែរជាមុខវិជ្ជាសិក្សាក្នុងម៉ោងកីឡា ដែលនឹងធ្វើការបង្ហាត់រៀងរាល់ថ្ងៃសៅរ៍ ចំនួន២ពេល ព្រឹក-ល្ងាច ដែលមានលោកគ្រូ ឡោ សំណាង និង ភុំ សារ៉ាយ ជាគ្រូបង្ហាត់។
ការដាក់បញ្ចូលគុនខ្មែរបែបនេះ នឹងកាន់តែធ្វើឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ពីសិល្បៈក្បាច់គុនបុរាណដ៏ចំណាស់មួយនេះ ដែលជាអត្តសញ្ញាណផងដែរ។
តែយ៉ាងណាមិញ យើងសង្ឃឹមថានាពេលខាងមុខនេះនៅតាមសាលារដ្ឋ និងឯកជន នឹងបន្តយកកីឡាគុនខ្មែរ ជំនួសម៉ោងកីឡាដូចវិទ្យាល័យព្រះស៊ីសុវត្ថិដែរ៕
រូបភាព៖ KUN KHMER










