បរទេស៖ Lavi Scholl អាយុ ៣២ ឆ្នាំ និង Ollie Gamblin អាយុ ៣៤ ឆ្នាំបានធ្វើដំណើរជុំវិញពិភពលោកជាមួយគ្នា ដោយពួកគេបានរៀបការតាមផ្លូវ និងបង្កើតកំណត់ត្រាពិភពលោក Guinness ជាគូស្នេហ៍វ័យក្មេងបំផុតដែលធ្វើដំណើរជុំវិញពិភពលោកដោយការជិះម៉ូតូ។
យោងតាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលគូស្នេហ៍ Lavi Scholl និង Ollie Gamblin ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាគូដែលមានវ័យក្មេងជាងគេអាចធ្វើដំណើរជុំវិញពិភពលោកបានដោយគ្រាន់តែជិះម៉ូតូប៉ុណ្ណោះ។
Lavi មកពីប្រទេសអាល្លឺម៉ង់ និង Ollie មកពីប្រទេសអង់គ្លេសបានជួបគ្នាដំបូងពេលធ្វើការនៅកសិដ្ឋានក្នុងប្រទេសអូស្ត្រាលី ហើយពេលចាកចេញពីប្រទេសអូស្ត្រាលី ពួកគេក៏មានគម្រោងធ្វើដំណើរផ្សងព្រេងជុំវិញពិភពលោក ដោយចំណង់ចំណូលចិត្តដូចគ្នា អ្នកទាំងពីរក៏បានចំណាយពេល ៥៨៩ ថ្ងៃធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣៩ រួមមាន៖ នូវែលសេឡង់, អង់គ្លេស, សេណេហ្គាល់, ប្រេស៊ីល, បូលីវី, ប៉េរូ, អាហ្សង់ទីន, ឈីលី, អេក្វាឌ័រ, កូឡុំប៊ី និងជាច្រើនប្រទេសទៀត។ ពួកគេក៏បានរៀបចំពិធីមង្គលការនៅពេលធ្វើដំណើរទៅដល់ទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីឆ្នាំមុនផងដែរ។ 
ដំបូងឡើយ អ្នកទាំងពីរមានគម្រោងធ្វើដំណើរជុំវិញពិភពលោកដោយការជិះកង់ប៉ុណ្ណោះ ប៉ុន្តែដោយសារជួបការលំបាក ទើបពួកគេប្តូរទៅជិះម៉ូតូវិញ។ ពួកគេបានទាក់ទងទៅ Guinness World Records ដើម្បីដាក់ឯកសារ និងរៀបចំដើម្បីដណ្តើមយកកំណត់ត្រានេះ។ នៅពេលរៀបចំផែនការរួចរាល់អ្នកទាំងពីរផ្តល់អាទិភាពក្នុងការជ្រើសរើសកន្លែងដែលមិនត្រូវការ “លិខិតឆ្លងដែន” ដើម្បីសន្សំការចំណាយ។ ហើយ Lavi និង Ollie ក៏បានស្រាវជ្រាវគោលដៅដែលងាយស្រួល ឬមិនត្រូវការទិដ្ឋាការ ដើម្បីធានាថាដំណើរការធ្វើដំណើរមិនត្រូវបានរំខាន។ 
ដូច្នេះដើម្បីកាត់បន្ថយការចំណាយ ពួកគេផ្តល់អាទិភាពដល់ការបោះជំរុំនៅខាងក្រៅតាមដែលអាចធ្វើទៅបាន និងកំណត់ការទទួលទានអាហារ។ ក្នុងរយៈពេល ៥៨៩ ថ្ងៃអ្នកទាំងពីរបានជិះម៉ូតូ Suzuki V-Strom 1050XT ឆ្លងកាត់ប្រទេសមួយទៅប្រទេសរហូតដល់ ៣៩ ប្រទេសជុំវិញពិភពលោកដោយពឹងផ្អែកលើ Google Maps ហើយក៏បានស្នើសុំឱ្យមនុស្សបរិច្ចាគ ឧបត្ថម្ភប្រាក់សម្រាប់ការធ្វើដំណើរ ក៏ដូចជាទិញឧបករណ៍ចាំបាច់ផងដែរ។ 
ហេតុនេះគិតចាប់ពីថ្ងៃដែលពួកគេចេញដំណើរនៅខែមេសា ឆ្នាំ២០២២ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៣ គឺពួកគេបានបញ្ចប់ ហើយបានបញ្ជូនឯកសារចាំបាច់ទាំងអស់ទៅកាន់ Guinness World Records។ មិនយូរប៉ុន្មានកាលពីខែមិថុនា ឆ្នាំ ២០២៤ នេះគូស្នេហ៍មួយគូនេះក៏ត្រូវបានទទួលការទទួលស្គាល់ដោយ Guinness World Records ថាជាគូស្នេហ៍វ័យក្មេងបំផុតក្នុងការធ្វើដំណើរជុំវិញពិភពលោកដោយការជិះម៉ូតូ៕










