ប្រទេសអេស្ប៉ាញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអេស្ប៉ាញបានបង្កើតទីបញ្ចុះស.ព សាធារណៈសម្រាប់សត្វចិញ្ចឹមលើកដំបូងគេ ហើយនៅទីនេះ នឹងផ្តល់សេវាកម្មគ្រប់មុខទាំងអស់ដើម្បីឱ្យម្ចាស់សត្វចិញ្ចឹមឈប់សោកសៅ ដោយសារការបាត់បង់សត្វទាំងនេះ ។
សត្វចិញ្ចឹមមានតួនាទីកាន់តែសំខាន់ខ្លាំងឡើងសម្រាប់ជីវិតមនុស្សសម័យបច្ចុប្បន្ន គឺពួកគេផ្តល់ក្តីស្រឡាញ់ ថែទាំ និងថ្នាក់ថ្នមសត្វទាំងនេះដូចជាកូនបង្កើត ឬដូចសមាជិកម្នាក់ក្នុងគ្រួសារ ។ ប៉ុន្តែនៅពេលសត្វទាំងនេះងាប់លាចាកលោកនេះទៅ ម្ចាស់របស់ពួកវាសោកស្តាយយ៉ាងខ្លាំង ។
ហេតុនេះ ប្រទេសអេស្ប៉ាញបានបង្កើតទីបញ្ចុះសពសាធារណៈសម្រាប់សត្វចិញ្ចឹមជាលើកដំបូងមួយឈ្មោះ «Parque» ស្ថិតនៅទីក្រុង Malaga ។ នៅទីនេះ មិនត្រឹមតែជាកន្លែងសម្រាប់បញ្ចុះខ្មោចសត្វប៉ុណ្ណោះទេ ប៉ុន្តែនៅទីនេះ ក៏មានកន្លែងដុចខ្មោចសត្វ, កន្លែងដាក់ឆ្អឹង និងកន្លែងបញ្ចុះខ្មោចសត្វ រហូតដល់៥០០ក្បាល ។
Nuria Maximo ជាប្រធាននាយកដ្ឋានផ្នែកសត្វ និងសង្គមប្រចាំសាកលវិទ្យាល័យ Juan Carlos និយាយថា ៖ «យើងយល់ច្បាស់ថា សត្វចិញ្ចឹមជាសមាជិកគ្រួសាររបស់ម្ចាស់វា ហើយការងាប់សត្វចិញ្ចឹម ក៏ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តម្ចាស់ដូចគ្នាដែរ ។ ប៉ុន្តែម្ចាស់សត្វជាច្រើនគ្មានប្រាក់គ្រប់គ្រាន់រៀបចំពិធីបុណ្យខ្មោច ឬកប់ខ្មោចសត្វទាំងនេះឱ្យដូចសមាជិកគ្រួសារទេ ។ ដូច្នេះ ទីបញ្ចុះស.ព សាធារណៈសម្រាប់សត្វចិញ្ចឹម គឺមានភាពសំខាន់ និងជួយកុំឱ្យពួកគេសោកស្តាយដោយសារសត្វជាទីស្រឡាញ់ងាប់» ។
ក្រៅពីការដុតខ្មោចសត្វ ឬកប់ខ្មោចសត្វចិញ្ចឹមហើយ នៅទីបញ្ចុះសពនេះ ក៏មានសេវាកម្មថែទាំ និងព្យាបាលផ្លូវចិត្តម្ចាស់សត្វផងដែរ ។ ម្ចាស់សត្វភាគច្រើនតែងតែកើតទុក្ខនឹងការងាប់សត្វទាំងនេះ ដែលពួកគេចាត់ទុកថា វាជាសមាជិកម្នាក់ក្នុងគ្រួសារ ៕










