នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានការបង្ហោះវីដេអូមួយ ដែលគេឃើញមានប៉ូលិសជាប់កិច្ចសន្យាម្នាក់ បំពេញភារកិច្ចខុសតួនាទី ដោយបានព្យាមយាមឃាត់នារីម្នាក់ឱ្យឈប់ផាកពិន័យ តែបែរជាធ្វើឱ្យនារីម្នាក់នោះដួល ហើយថែមទាំងមិនជួយលើកម៉ូតូវិញទៀត។
ហេតុការណ៍នេះ កើតឡើងនៅបណ្តោយផ្លូវ២០០៤ វេលាម៉ោង៧:៥៨នាទីព្រឹក ដោយអ្នកឃើញហេតុការណ៍បានលើកឡើងថា៖”ប៉ូលិសជាប់កិច្ចសន្យានោះ បានចាប់ហ្វ្រាំងមុខ ដែលជាហេតុធ្វើឱ្យដួលនារីខាងលើ”។
ថ្វីបើហេតុការណ៍នេះ មិនបង្កឱ្យមាននរណាគ្រោះថ្នាក់ តែក៏បានសបញ្ជាក់ឱ្យឃើញនូវភាពមិនមានទំនួលខុសត្រូវ របស់ប៉ូលិសជាប់កិច្ចសន្យាម្នាក់នោះ ដែលបំពេញភារកិច្ចខុសតួនាទី ហើយថែមទាំងធ្វើឱ្យដួលអ្នកបើកបរម្នាក់ទៀត តែបែរជាមិនជួយលើកនោះទេ។
ជុំវិញករណីនេះ មិនទាន់មាននរណាម្នាក ឬស្នងការរាជធានីភ្នំពេញ ចេញមុខបញ្ជាក់លម្អិតអំពីហេតុការណ៍នេះនៅឡើយនោះទេ តើថានរណាជាអ្នកខុសឱ្យប្រាកដ ហេតុអ្វីបានជាប៉ូលិសជាប់កិច្ចសន្យាម្នាក់នោះ ព្យាមយាមឃាត់នារីដែលដួលនោះ ក្នុងចំណងផាកពិន័យឬយ៉ាងណា។
គួរបញ្ជាក់ថា មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ ដោយពួកគាត់មិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕










