បរទេស៖ Götene ដែលជាទីក្រុងមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតចម្ងាយ ៣២០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Stockholm ប្រទេសស៊ុយអែត បានកំពុងប្រកាសលក់ដីចំនួន ៣០ ឡូត៍ ជាមួយនឹងតម្លៃចាប់ពី 1 krona (ប្រមាណ ៣,៥០០ រៀលលុយខ្មែរប៉ុណ្ណោះ) ក្នុងមួយម៉ែត្រការ៉េ។
យោងតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលក្នុងតំបន់ អ្នកទិញអាចសាងសង់ផ្ទះ ឬរមណីយដ្ឋាននៅលើដីទាំងនោះបាន។ ទីក្រុងនេះបច្ចុប្បន្នមានមនុស្សត្រឹមតែ ៥,០០០ នាក់រស់នៅប៉ុណ្ណោះ ដោយ Götene ស្ថិតនៅក្នុងតំបន់ជនបទដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសស៊ុយអែត។ វាមានទីតាំងនៅលើច្រាំងនៃបឹង Vänern ដែលជាបឹងធម្មជាតិដ៏ធំបំផុតនៅ Scandinavia និង EU ដែលមានផ្ទៃដីប្រហែល ១០ ដងនៃបឹង Constance។
Götene ក៏មានកន្លែងពីរដែលចុះក្នុងបញ្ជីរបស់ UNESCO ផងដែរគឺ៖ Platåbergens Geopark និង Lake Vänern Islands។ យោងតាមអភិបាលក្រុង Johan Månsson មូលហេតុដែលមន្ត្រីក្នុងតំបន់ចាប់ផ្តើមផែនការលក់ដីចំនួន ៣០ ឡូតិ៍ក្នុងតម្លៃ “ទាបបំផុតមិនធ្លាប់មាន” គឺដោយសារតែការរួមបញ្ចូលគ្នានៃវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន និងចំនួនប្រជាជនក្នុងស្រុកធ្លាក់ចុះ។ លោកបានបន្តថា៖ «ទីផ្សារអចលនទ្រព្យក្នុងតំបន់នេះជាទូទៅមានសភាពអាប់អួរខ្លាំងដោយសារអត្រាការប្រាក់ខ្ពស់ និងវិបត្តិសេដ្ឋកិច្ច។
ក្រៅពីនេះ យើងក៏កំពុងឃើញអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ ដូច្នេះយើងត្រូវតែធ្វើអ្វីមួយ ដើម្បីទាក់ទាញមនុស្សមកទីនេះឱ្យកាន់តែច្រើន។ កាលពីខែមុន មន្ត្រីមូលដ្ឋានបានចាប់ផ្តើមគំនិតផ្តួចផ្តើមលក់ដីក្នុងតម្លៃទាប ដែលដីទាំងនោះធ្លាប់បានដាក់លក់អស់ជាច្រើនឆ្នាំហើយ ប៉ុន្តែលក់មិនដាច់។ ដូច្នេះពួកគេ ក៏ចាប់ផ្តើមប្រកាសបញ្ចុះតម្លៃដីទ្វេដង ហេតុនេះអ្នកទិញមិនចាំបាច់រស់នៅក្នុងប្រទេសស៊ុយអែត ឬរស់នៅទីនោះជាអចិន្ត្រៃយ៍ក៏បានដែរ។ ប៉ុន្តែមានតម្រូវការតែមួយគត់សម្រាប់អ្នកទិញគឺថាការសាងសង់ផ្ទះត្រូវតែចាប់ផ្តើមក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការទិញដី។ 
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីព័ត៌មាននេះបានរីករាលដាលពាសពេញបណ្តាញសង្គម លោកអភិបាលក្រុង Johan បាននិយាយថា រដ្ឋាភិបាលបានទទួលការហៅទូរស័ព្ទរាប់ពាន់ពីទូទាំងពិភពលោកដើម្បីសុំឱ្យចូលរួម។ ប្រឈមមុខនឹងតម្រូវការដ៏ច្រើនបែបនេះ រដ្ឋាភិបាលក៏បានផ្អាកដំណើរលក់ជាបណ្តោះអាសន្នរហូតដល់ដើមខែសីហា ដើម្បីស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន។ នៅពេលចាប់ផ្តើមឡើងវិញ ទំនងជានឹងមានដំណើរការដេញថ្លៃដីជំនួសឱ្យការលក់ដីក្នុងតម្លៃត្រឹមតែ 1 krona/m2៕










